ភ្នំពេញ៖ បុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២១ នេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សចំនួន ១៤នាក់ និង ៦៤នាក់ បានរងរបួស មានទាំងស្រាល និងធ្ងន់។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស មានស្លាប់ និងរបួស ចំនួន ៣៥ករណី។ ចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១នេះ គឺប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២០កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានសម្លាប់មនុស្សចំនួន ១៥នាក់ និងរបួស ៦២ នាក់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ជាថ្ងៃដំបូងនៃពិធីបុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ៩ ករណី បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួស១៨នាក់។ ថ្ងៃទី៦ ខែតុលា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១១ ករណី សម្លាប់មនុស្ស ៣ នាក់ និងរបួស ២២ នាក់។ ថ្ងៃទី៧ តុលា មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៥ ករណី បណ្តាល ឲ្យមនុស្សស្លាប់ចំនួន ៦នាក់ និងរបួស ២៤ នាក់។
គួរបញ្ជាក់ថា មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង៣ថ្ងៃក្នុងពិធីភ្ជុំបិណ្ឌឆ្នាំនេះ គឺដោយសារតែការបើកបរលើសល្បឿនកំណត់ មិនគោរពច្បាប់ចរាចរណ៍ ជែងគ្នាដោយមិនមានការប្រុងប្រយ័ត្ន និងការបើកបរក្នុងស្ថានភាពស្រវឹង និងផ្សេងៗជាដើម៕