កំពង់ធំ៖ ម៉ាស៊ីនដាំស្រូវនេះ ជាឧបករណ៍ស្វ័យប្រវត្តិដែលប្រើឡាស៊ែរ មានអត្ថប្រយោជន៍ចម្បងរបស់វា គឺប្រើគ្រាប់ពូជតិចជាងមុន ដែលនេះមានន័យថា វាជាដំណាំងាយស្រួលក្នុងការគ្រប់គ្រង និងថែទាំ ដែលអាចផ្តល់ទិន្នផលខ្ពស់។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានឱ្យដឹងថា ម៉ាស៊ីនដាំស្រូវនេះ នឹងធ្វើអោយប្រសើរឡើងនូវភាពត្រឹមត្រូវក្នុងការដាំស្រូវ ហើយក្រោយពីដាំស្រូវរួច វានឹងដុះជាជួរដែលងាយស្រួលក្នុងការថែទាំ មានសុខភាពល្អនិងទទួលបានទិន្នផលខ្ពស់។
លោក មានប្រសាសន៍ថា “ម៉ាស៊ីនដាំគ្រាប់ស្រូវនេះ មានមុខងារដាំស្រូវបានល្អ ហើយក្រោយពីការដាំដុះ ស្រូវមានការលូតលាស់បានល្អ និង ដុះត្រង់ជួរ ងាយស្រួលក្នុងការថែទាំ និងធ្វើឲ្យស្រូវទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់និងសុខភាពល្អ” ។
លោកបានបន្តទៀតថា ការផ្តល់ម៉ាស៊ីនដាំស្រូវនេះ ត្រូវបានគាំទ្រដោយគម្រោងកាត់បន្ថយភាពក្រីក្រ និងទន្លេសាប គម្រោងអភិវឌ្ឍន៍កសិកម្មខ្នាតតូចលេខ២ នៅស្ថានីយកសិកម្មបល្ល័ង្ក ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ យោងតាមសេចក្តីសន្និដ្ឋាន ដកស្រង់ចេញពីការសិក្សាមុនៗ បានឲ្យដឹងថា នៅពេលដែលម៉ាស៊ីននេះ ត្រូវបានកសិករប្រើប្រាស់ ដើម្បីសាបព្រួសគ្រាប់ពូជ គឺខុសពីការប្រើដៃ ក្នុងនោះ ទិន្នផលនឹងកើនឡើងគួរឱ្យកត់សម្គាល់ជាងការរំពឹងទុក៕