ភ្នំពេញ៖ លោកព្រះរាជអាជ្ញារង សៀង សុខ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យ លោក ឡេង សេងហុង ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ចូលបង្ហាញខ្លួន នៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីសាកសួរបំភ្លឺលើករណី ញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ដីកាបញ្ជាឲ្យចូលខ្លួន បានបញ្ជាឲ្យ ឈ្មោះ ឡេង សេងហុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ឲ្យចូលបង្ហាញខ្លួន នៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរបំភ្លឺ លើករណី ញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៧ បានចេញសេចក្តីអំពាវនាវដល់សមាជិក សមាជិកា សិស្ស និស្សិត យុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេសត្រៀមប្រើប្រាស់សិទ្ធិស្របច្បាប់ របស់ខ្លួនដើម្បីបាតុកម្ម អហិង្សាក្នុងករណីគណបក្សសង្គ្រោះជាតិត្រូវរំលាយ។
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានបញ្ជាក់ថា ស្មារតីនេះ ដើម្បីការពារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងទាមទារឲ្យរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាតុលាការ បញ្ឈប់ជាបន្ទាន់នូវការប៉ុនប៉ងណាមួយដើម្បីរំលាយ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាហើយនឹងមានប្រជាពលរដ្ឋបោះឆ្នោតឲ្យជាង៣លាននាក់។
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា សង្ឃឹមថា សមាជិក សមាជិកា និស្សិត សិស្ស យុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិស្របច្បាប់ ដែលខ្លួនមានចូលរួមធ្វើបាតុកម្មអហិង្សា ដើម្បីការពារឆន្ទៈប្រជាពលរដ្ឋជាង៣លាននាក់ និងការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានគ្រប់ៗគ្នា៕ ដោយ៖ជាលី