Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់ថា ខ្លួនមិនចុះខ្សោយចំពោះសម្ពាធចិន និងការលុកលុយដែនអាកាសពីសំណាក់ប្រទេសចិននោះទេ

លោកស្រី សៃ អ៊ិនវិន ប្រធានាធិបតីតៃវ៉ាន់បានថ្លែងកាលពីអាទិត្យម្សិលមិញថា កោះតៃវ៉ាន់នឹងមិនចុះចាញ់ទៅនឹងសម្ពាធរបស់ទីក្រុងប៉េកាំងនោះទេ ដោយខ្លួនថានឹងបង្កើតសមត្ថភាពការពារដែនដីបន្ថែមទៀត។ ការលើកឡើងរបស់ប្រធានាធិបតីរូបនេះ ធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីសមភាគីរបស់តៃវ៉ាន់ នោះគឺប្រទេសចិនបានសន្យារក្សានូវសន្តិភាពនៃការបង្រួបបង្រួមដែនដីជាមួយកោះប្រជាធិបតេយ្យមួយនេះ។

ថ្លែងនៅក្នុងពិធីជួបជុំមួយដើម្បីអបអរសាទរទិវាជាតិតៃវ៉ាន់ ប្រធានាធិបតីលោកស្រី សៃ អ៊ិនវិន បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រីនឹងមិនធ្វើសកម្មភាពដោយប្រញាប់ប្រញាល់ឡើយ។ ប៉ុន្តែលោកស្រីបានបន្ថែមថា ប្រទេសចិនមិនគួរមានការបំភិតបំភ័យណាមួយមកដល់ប្រជាជនតៃវ៉ាន់នោះឡើយ ហើយក៏មិនគួរដាក់សម្ពាធបែបនេះនោះដែរ ព្រោះតៃវ៉ាន់នឹងមិនចុះញ៉មជាមួយសម្ពាធរបស់ចិននោះទេ។

ការថ្លែងរបស់លោកស្រី បានធ្វើឡើងនៅខាងក្រៅការិយាល័យប្រធានាធិបតី ដែលមានទីតាំងនៅចំកណ្តាលទីក្រុងតៃប៉ិ។ ក្នុងនោះ តៃវ៉ាន់បានបង្ហាញសមត្ថភាពការពាររបស់ខ្លួនដ៏កម្រមួយនៅក្នុងក្បួនដង្ហែរ ដែលមានប្រភេទអាវុធជាច្រើនប្រភេទរួមមាន៖ រថយន្តពាសដែក យន្តហោះចម្បាំងនិងឧទ្ធម្ភាគចក្រជាដើម។

ការសម្តែងក្បួនក៏កម្ររបស់តៃវ៉ាន់នេះ គឺធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតីចិន ស៊ី ជីនពីងបានប្តេជ្ញាថាខ្លួននឹងមានការបង្រួបបង្រួមដោយសន្តិភាពជាមួយតៃវ៉ាន់។

បើតាម ប្រទេសចិន ខ្លួនតែងតែចាត់ទុកកោះតៃវ៉ាន់ថា ជាខេត្តដែលបានបំបែកខ្លួនចេញដោយខុសច្បាប់ពីទឹកដីរបស់ខ្លួន។ ក្នុងនោះ នៅពេលដែលពួកកុម្មុយនិស្តបានឈ្នះសង្គ្រាមស៊ីវិលប្រឆាំងនឹងអ្នកជាតិនិយមនៅឆ្នាំ ១៩៤៩ បន្ទាប់មក អ្នកជាតិនិយមបានបង្កើតរដ្ឋាភិបាលគូប្រជែងនៅតំបន់តៃប៉ិ ហើយអ្នកជាតិនិយមត្រូវបានគ្រប់គ្រងដោយខ្លួនឯងតាំងពីពេលនោះមក។

ការអត្ថាធិប្បាយរបស់លោកស៊ី ជីនពីង ត្រូវបានស្វាគមន៍ដោយប្រតិកម្មខឹងសម្បារពីទីក្រុងតៃប៉ិដែលនិយាយថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេបាន។ ជាក់ស្តែងបញ្ហានេះបានកើតឡើងជាច្រើនសារ ចំពេលដែលកោះតៃវ៉ាន់មានការលុកលុយពីសំណាក់ប្រទេសចិនម្តងហើយម្តងទៀត ដោយចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។

ការលុកលុយទាំងនេះបានធ្វើឱ្យមានការរិះគន់ពីក្រសួងការបរទេសតៃវ៉ាន់ ដោយបានចោទប្រកាន់ចិនថា កំពុងបង្កជាហេតុនិងកំពុងធ្វើឱ្យអស្ថិរភាពដល់ផ្នែកសន្តិភាព និងស្ថិរភាពក្នុងតំបន់៕ ប្រភព៖ NBC News

×