Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពទឹកស្ទឹងព្រែកត្នោត បង្កការព្រួយបារម្ភម្តងទៀត ដល់ប្រជាពលរដ្ឋនៅភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពទឹកក្នុងភូមិសាស្ត្រមួយចំនួន ជាពិសេសតំបន់មួយចំនួននៃសណ្តរទំនប់ស្ទឹងព្រឹកត្នោត បានពិនិត្យមើលស្ថានភាពជាក់ស្តែង​​​​ដើម្បី​ត្រៀមកម្លាំងអាជ្ញាធរឱ្យរួចរាល់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេលដែលមានជំនន់ទឹកភ្លៀងភ្លាមៗ ដើម្បីកុំឱ្យមានការបាត់បង់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់។

ស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅពេលនេះ បានបង្កការព្រួយបារម្ភជាថ្មីម្តងទៀត ដែលឆ្នាំកន្លងទៅ រាជធានី​ភ្នំពេញ បានជន់លិចទឹកជំនន់ម្តងរួចហើយ។ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង  បានដឹកនាំអភិបាល​ខណ្ឌដង្កោ មន្ទីរសាធារណការ  និងដឹកជញ្ជូន មន្ទីរធនធានទឹក  និងឧតុនិយម  បានចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពជំនន់ទឹកភ្លៀង នៅទីតាំងសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោ  នៅថ្ងៃទី១០  ខែតុលា  ឆ្នាំ២០២១ ដែលធ្លាប់បានលិចលង់ក្នុងឆ្នាំកន្លងទៅ។

 ឯកឧត្តមបន្តថា ជាគោលការណ៍ធំបំផុតរបស់រាជរដ្ឋាភិបាល គឺការការពារសិទ្ធិរស់រានមានជីវិតរបស់ប្រជាពល​រដ្ឋ ទាំងការប្រយុទ្ធប្រឆាំងនឹងទឹកជំនន់ ក៏ដូចជាការប្រយុទ្ធប្រឆាំង និងការពារជំងឺកូវីដ-១៩។ ដូច្នេះក្នុងនាមអាជ្ញាធរគ្រប់ថ្នាក់ត្រូវតែការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ អាជ្ញាធរបានត្រៀមសម្ភារ បច្ចេក​ទេស និងគ្រឿងចក្រដើម្បីជួយសម្រួលដល់ការកាយទំនប់ទប់ទឹកផងដែរ។ 

គួរបញ្ជាក់ថា បើយោងតាមសេចក្តីជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែតុលា សម្ពាធទាបសកម្ម បានកើតឡើងនៅប្រទេសហ្វីលីពីន ហើយបានបង្កើនឥទ្ធិពលជាបន្តបន្ទាប់ ធ្វើដំណើរចូលក្នុងសមុទ្រចិនខាងត្បូង ដោយអាចបង្កើនឥទ្ធិពលទៅជាព្យុះទី១៧ ដែលមិនទាន់មានឈ្មោះជាផ្លូវការ ធ្វើឱ្យសប្តាហ៍ខាងមុខ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពល មូសុងនិរតីពីកម្រិតមធ្យម ទៅខ្លាំង ជ្រលងសម្ពាធទាបប៉ាស៊ីហ្វិក ឥទ្ធិពលព្យុះទី១៧ និងប្រព័ន្ធសម្ពាធទាប (ITCZ)៕

×