Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ (NBC) រួមចំណែកកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩នៅកម្ពុជា តាមរយៈការរក្សាស្ថិរភាព ថ្លៃ និងអត្រាប្តូរប្រាក់

ភ្នំពេញ៖ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា (NBC) ត្រួតពិនិត្យលើប្រព័ន្ធហិរញ្ញវត្ថុក្នុងស្រុក ដែលរួមមានធនាគារពាណិជ្ជចំនួន ៥៤, ធនាគារឯកទេសចំនួន ១០  ការិយាល័យតំណាងធនាគារបរទេសចំនួន ៦, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៥, គ្រឹះស្ថានឥណទានជនបទចំនួន ២៤០, ក្រុមហ៊ុនភតិសន្យា ចំនួន១៧  ក្រុមហ៊ុនការិយា​ល័យឥណទានចំនួន ១, ក្រុមហ៊ុនដំណើរការតតិយភាគីចំនួន ៤ និងអាជីវករប្តូរ ប្រាក់ចំនួន ២.៤៦៦កន្លែង។

ពីរឆ្នាំចុងក្រោយនេះ ធនាគារជាតិនៃកម្ពុជា បានរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩នៅប្រទេសកម្ពុជា តាមរយៈការរក្សាស្ថិរភាព ថ្លៃនិងអត្រាប្តូរប្រាក់, ការគរពូនទុនបម្រុងអន្តរជាតិ និងការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម, ដែលបានផ្តល់សន្ទនីយភាពដល់ប្រព័ន្ធធនាគារ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្តវិធីសាស្ត្របុរេសកម្ម ដើម្បីវាយតម្លៃ ហានិភ័យនៅក្នុងវិស័យហិរញ្ញវត្ថុ ស្របពេលដែល អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ដើម្បីជួយដល់អាជីវករ និងបុគ្គលខ្ចីឥណទានឱ្យចៀសផុតពីការក្ស័យធន។

ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ វិស័យធនាគារកម្ពុជា បានរៀបចំឥណទានឡើងវិញ គិតជាទឹកប្រាក់ប្រមាណ​ជាង ៤,២ ប៊ីលានដុល្លារអាមេរិក និងបានកើនឡើងដល់ ៤,៣ ប៊ីលានដុល្លារអាមេរិក នៅចុងខែកក្កដា។ ឥណទានផ្តល់ដល់អតិថិជនបានកើនឡើង ២២,៣ ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដល់ ៣៣,៨ ប៊ីលានដុល្លារ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបានអន្តរជាតិទទួលស្គាល់ពីតួនាទីក្នុងការដឹកនាំ  វិស័យ​ធនាគារ​ឆ្លងកាត់គ្រាលំបាកទាំងនេះ ដោយត្រូវបានជាប់ចំណាត់ថ្នាក់ជា ថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយភ្នាក់ងារប្រមូលផ្តុំទិន្នន័យ និងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក The Banker។

ធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមដោយការបោះពុម្ពរូបិយវត្ថុប្រាក់រៀល សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបានស្ថិរភាពរូបិយវត្ថុ និងបង្កើតអត្តសញ្ញាណជាតិមួយ។ រហូតមកទល់ពេលបច្ចុប្បន្ន​នេះ ធនាគារជាតិ បានសម្រេចបង្កើតប្រព័ន្ធ ទូទាត់ឌីជីថល មានឈ្មោះថា បាគង។ ធនាគារជាតិនៃកម្ពុជា កំពុងពង្រីកវិសាលភាពទូទាំងពិភពលោករបស់បាគង ដោយអនុញ្ញាតឱ្យប្រជាជនកម្ពុជា​ ដែលធ្វើការនៅក្រៅប្រទេស អាចផ្ញើប្រាក់ទៅផ្ទះបានយ៉ាងរហ័ស មានកម្រៃទាប និងមានសុវត្ថិភាព៕

×