ភ្នំពេញ ៖ រូបសំណាក់សត្វឆ្កែតំណាងអោយឆ្នាំច រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងដំណើរការសាងសង់ យ៉ាងញាប់ដៃញាប់ជើងនៅរមណីយដ្ឋានវត្តភ្នំដើម្បីទទួលអំណរឆ្នាំថ្មី ។
ឃើញថា នៅក្នុងឱកាសអបអរសាទរទទួលទេព្តាឆ្នាំថ្មីឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស ២៥៦២ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចជាស្រេចហើយ ទាំងទីកន្លែងសប្បាយភាព ការតាំងភ្លើងបំភ្លឺសាធារណៈ និងការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ជាដើម។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ក្រៅពីការកសាងរូបសំណាក់សត្វឆ្កែតំណាងអោយឆ្នាំច ដើម្បីទទួលអំណរឆ្នាំថ្មី ហើយ ក្រោមការណែនាំពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានតុបតែងលំអភ្លើង និងបានលាបកំបោរគល់ឈើ ខឿនចិញ្ចើមផ្លូវ នៅតាមបណ្តោយផ្លូវសំខាន់មួយចំនួននៅក្នុងរាជធានីភ្នំពេញផងដែរ ពិសេសនៅតាមបណ្តោយផ្លូវនិងសួនច្បារដែលទទួលការទាញភ្លៀវជាតិនិងអន្តរជាតិ ដែលតែងតែមកដើរលេងកំសាន្តច្រើន ដើម្បីត្រៀមទទួលបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ _ ១៥ _១៦ មេសាឆ្នាំ២០១៨ខាងមុខនេះ។
ពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចជាស្រេចហើយដែរដើម្បីរងចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកកម្សាន្តសប្បាយនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងកម្មវិធីសង្ក្រាន្តវត្តភ្នំ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២។
ជាងនេះទៅទៀត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២នេះដែរ
បងប្អូនប្រជាពលរដ្ឋក៏នឹងទទួលបានការប្រើប្រាស់ដោយឥតគិតថ្លៃនូវសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ