នៅថ្ងៃទី ៨ ខែមេសា តាមរយៈសេចក្តីប្រកាសមួយ អយ្យការទីក្រុង Berlin ឲ្យដឹងថា ប៉ូលិសអាល្លឺម៉ង់បានចាប់ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ដែលត្រៀមធ្វើការវាយប្រហារទៅលើការរត់ម៉ារ៉ាតុងនៅថ្ងៃដដែល ដូចពោលខាងលើ ។
កន្លែងកើតហេតុ ករណីបើករថយន្តបំបុក ធ្វើឲ្យមនុស្ស ៣នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ។
ប៉ូលិសបានធ្វើការឆែកឆេរនូវផ្ទះជាច្រើននៅទីក្រុង ហើយចាប់ខ្លួនយុវជន ៦នាក់ ក្នុងវ័យ ១៨-២១ឆ្នាំ បន្ទាប់ពីពួកគេទទួលបានព័ត៌មានប្រាកដប្រជាមួយពីបញ្ហាដែលអ្នកទាំងនោះមានពាក់ព័ន្ធដល់ការត្រៀមវាយប្រហារទៅលើក្រុមរត់ប្រណាំងម៉ារ៉ាតុង ដែលមានមនុស្ស 36.000នាក់ ចូលរួម ។ ការចាប់ឃាត់ខ្លួនមនុស្ស ៦នាក់នេះ គឺជាផ្នែកមួយផ្តើមចេញពីមូលហេតុសន្តិសុខក្នុងស្ថានភាពដែលអាល្លឺម៉ង់ទើបកើតឡើងករណីបើករថយន្តបំបុកហ្វូងមនុស្សធ្វើឲ្យស្លាប់ ៣នាក់ និងរបួសរាប់សិបនាក់ ក្នុងនោះមនុស្សមួយចំនួនស្ថិតក្នុងភាពធ្ងន់ធ្ងរ ក្នុងទីក្រុង Muenster ភាគពាយ័ព្យ ប្រទេសអាល្លឺម៉ង់។
ប៉ូលិសមិនបានឲ្យដឹងអ្វីបន្ថែមអំពីករណីចាប់ឃាត់ខ្លួននេះទេ ប៉ុន្តែមុននោះសារព័ត៌មានអាល្លឺម៉ង់បានចុះផ្សាយឲ្យដឹងថា កងកម្លាំងប៉ូលិសបានបំបែកករណីភេរវកម្មដោយប្រើកាំបិត សំដៅលើហ្វូងមនុស្សរត់ប្រណាំង ។ កាសែតអាល្លឺម៉ង់ក៏ឲ្យដឹងបន្ថែមទៀតថា ពេលចាប់ឃាត់ខ្លួន ជនល្មើសមានកាំបិតស្រួចចំនួន ២ ហើយគេបានដឹងថា សាច់ញាតិរបស់ជនល្មើសម្នាក់ឈ្មោះ Anis Amri គឺជាជនដែលបានបង្កឡើងករណីភេរវកម្ម ដោយប្រើរថយន្តដឹកជញ្ជូនទំនិញ បើកបំបុកចូលតំបន់ផ្សារគ្រិស្គស្មាស នារដ្ឋធានី Berlin កាលពីឆ្នាំ ២០១៦ បណ្តាលឲ្យមនុស្ស ១២នាក់ ស្លាប់ ៕ សូយន