កាលពីថ្ងៃទី ៧ ខែមេសា កាសែតប្រចាំសប្តាហ៍របស់អង់គ្លេសឲ្យដឹងថា ប្រទេសនេះកំពុងមានផែនការបញ្ជូនអតីតចារបុរស “មុខពីរ” រុស្ស៊ី Sergei Skripal និងកូនស្រីទៅកាន់អាមេរិក ដែលជាកិច្ចប្រឹងប្រែងមួយត្រូវបានប្រទេសនេះអះអាងថា សំដៅការពារពួកគេចៀសផុតពីឧបាយកលប៉ុនប៉ងធ្វើឃាតម្តងទៀត ។
តាមកាសែតខាងលើ នោះមន្ត្រីនៃស្ថាប័នចារកម្មអង់គ្លេស បានពិភាក្សាជាមួយបណ្តាដៃគូ ពិសេសគឺ CIA សំដៅឲ្យជនរងគ្រោះដោយថ្នាំពុលទាំងពីរនាក់ឪកូននេះ កសាងជីវភាពរស់នៅថ្មី ។
ឪពុកនិងកូនដែលជាចារកម្ម “មុខពីរ” កំពុងសះស្បើយបណ្តើរៗក្នុងមន្ទីរពេទ្យ ។
ប្រភពព័ត៌មានដដែលសង្កត់ធ្ងន់ថា ប្រទេសអង់គ្លេសចង់ឲ្យមានការធានាឲ្យមានសុវត្ថិភាពដល់លោក Skripal និងកូនស្រី នៅប្រទេសដែលមានប្រព័ន្ធរក្សាការសម្ងាត់ និងសន្តិសុខល្អ ដូចជាអាមេរិក កាណាដា អូស្ត្រាលី និង New Zealand ហើយជម្រើសដំបូងគេគឺអាមេរិកនេះឯង។ ក្រសួងការបរទេសអង់គ្លេស នៅរក្សាភាពស្ងៀមស្ងាត់ចំពោះព័ត៌មានខាងលើ ៕ សូយន