ភ្នំពេញ៖ តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំប្រទេសកម្ពុជា (IMF) លោក Yasuhisa Ojima បានវាយតម្លៃពីសុទិដ្ឋិនិយមនៃការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ដែលនឹងជួយសម្រាលបន្ទុកដល់អាជីវករ និងប្រជាជនដែលរងផលប៉ះពាល់ ដោយជំងឺកូវីដ១៩។
ការលើកឡើងនេះ ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំប្រទេសកម្ពុជា នៅធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
ឯកឧត្តម ជា ចាន់តូ បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ការិយាល័យតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ដែលបានដើរតួនាទីសំខាន់ ក្នុងការសម្របសម្រួល ដល់ការផ្តល់ជំនួយបច្ចេកទេស និងការពង្រឹងសមត្ថភាពដល់មន្ត្រីបុគ្គលិកជាដើម។
លោក Yasuhisa Ojima បានថ្លែងអំណរគុណដល់លោកទេសាភិបាល ដែលបានគាំទ្រ និងសម្រួលដល់ការបំពេញបេសកកម្មរបស់ IMF ដើម្បីតាមដាន និងវាយតម្លៃស្ថានម៉ាក្រូសេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំ២០២១ ដោយក្រុមបេសកកម្មមាត្រទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានប្រព្រឹត្តិទៅកាលពីដើមខែកញ្ញា ដោយជោគជ័យ។ ក្នុងនោះ IMF បានបង្ហាញលទ្ធផលនៃការវាយតម្លៃថា «នឹងមានការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ និងចំពោះវិធានការរបស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញក្នុងការ រួមចំណែកដល់កំណើនសេដ្ឋកិច្ច និងសម្រាលបន្ទុកដល់អាជីវករ និងប្រជាជនក្រីក្រដែលទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩»។
លោក Yasuhisa Ojima បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ និងថ្លែងការកោតសរសើរពី សមិទ្ធផលដែលធនាគារជាតិនៃកម្ពុជា សម្រេចបានក្នុងការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អភិវឌ្ឍសេដ្ឋកិច្ចនិងប្រព័ន្ធធនាគារ ជាពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩។ ក្នុងនាមមូលនិធិរូបិយវត្ថុអន្តរជាតិ លោកបានបង្ហាញពីការគាំទ្រចំពោះធនាគារជាតិនៃកម្ពុជា ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗនានា របស់ធនាគារជាតិនៃកម្ពុជាបន្ថែមទៀត។
សូមជម្រាបថា IMF បានព្យាករណ៍សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១ថា នឹងមានកំណើនខ្ពស់ជាងមុន ក្នុងអត្រា២.២% គាំទ្រដោយនិន្នាការល្អ ជាងការរំពឹងទុក នៃវិស័យកម្មន្តសាល និងវិស័យកសិកម្ម ដែលជំរុញដោយភាពរឹងមាំ នៃតម្រូវការខាងក្រៅ ខណៈវិស័យសំណង់ វិស័យអចលនទ្រព្យ និងវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន រងផលប៉ះទង្គិចដោយសារ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»៕