ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបថយក្រោយ ត្រូវបានបុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកឥវ៉ាន់ លឿនមិនប្រយ័ត្នជ្រុលទៅបុ.កចំពាក់កណ្ដាល បណ្ដាលឱ្យរងការខូចខាត ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង ៣០នាទីរសៀល ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវបេតុងឧកញ៉ាដួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីសGX470 ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BK-0411 ចេញពីឃ្លានថយក្រោយពេលនោះ ក៏មានបុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ីម៉ក តាមផ្លូវបេតុងឧកញ៉ាដួងងៀត ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុ.ករថយន្តត្រង់ទ្វាខាងមុខចំហៀងខាងស្ដាំ បណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនមានអ្នកណារងរបួស នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានទៅដល់កន្លែងកើតហេតុ បានយកម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្តមកដាក់អែបខាង រួចឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ពេលនោះខាងរថយន្តស៊េរីទំនើប បានទារសំណងទៅលើបុរសម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉កចំនួន ២០០ដុល្លារ ចំណែកខាងភាគីអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កមានតែ ៤០ដុល្លារនៅក្នុងខ្លួន ក៏បានលើកដៃសំពះអង្វរទៅខាងម្ចាស់រថយន្ត ពេលនោះបុរសម្នាក់ បើករថយន្តស៊េរីទំនើប ក៏បានយល់ព្រមយក៤០ ដុល្លារ រួចក៏បានឲ្យទៅខាងបុរសជាអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ក១០ដុល្លារវិញ យកតែ៣០ដុល្លារទេ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធិដោយ ៖ សួង សាម





