Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុងគ្រី ផ្តល់ហិរញ្ញប្បទានឥតសំណង ​​ជួយដល់វិស័យសកម្មភាពមីន នៅកម្ពុជា

ភ្នំពេញ ÷ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យ លោក​ Istvan BAKOS ភារធារីស្ថានទូតនៃប្រទេសហុងគ្រីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុង​នាម​រាជ​រដ្ឋាភិបាល​កម្ពុជា​ ឯកឧត្តមទេសរដ្ឋមន្ត្រី​ លី​ ធុជ​ អនុប្រធានទី១ អាជ្ញាធរមីន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ជា​ប្រវត្តិសាស្រ្ត​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ហុងគ្រី​ ហើយ​បាន​ចាត់​ទុក​ប្រទេស​ហុងគ្រី​ ជា​មិត្ត​ដ៏​ល្អ​ និង​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​។

ក្នុង​ឱកាស​នោះ​ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះ​ទឹក​ចិត្ត​ដ៏​សប្បុរស​របស់​រដ្ឋាភិបាល​ និង​ប្រជាជន​នៃប្រទេសហុងគ្រី ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណង​ចូលរួម​ជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទឹកប្រាក់ចំនួន ២៨.៥៧០ ដុល្លារអាមេរិក ហើយឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបលោកភារធារីឲ្យបានដឹងថា អាជ្ញាធរមីន បានប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ សម្រាប់អនុវត្តគម្រោងចំនួន ០២ រួមមាន ៖ ទី១/.គម្រោងសាកល្បងភូមិអស់ការគម្រាមដោយសារមីននៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប លើផ្ទៃដី ៤៦.០០៩ ម៉ែត្រក្រឡា និងទី២/.គម្រោងការផ្ទៀងផ្ទាត់ផ្ទៃដីចម្ការមីននៅដីជាក់ស្តែងក្នុងខេត្តកែប និងខេត្តកោះកុង។

ឯកឧត្តម Istvan BAKOS ភារធារីស្ថានទូតប្រទេសហុងគ្រី បានលើកឡើងថា រដ្ឋាភិបាលហុងគ្រី គឺជាមិត្តដ៏យូរលង់របស់កម្ពុជា ព្រមទាំងបានកសាងនូវទំនាក់ទំនងយ៉ាងល្អជាប្រវត្តិសាស្រ្តជាមួយកម្ពុជា ដែលក្នុងនោះ បានផ្តល់អាហារូបករណ៍ឲ្យនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសហុងគ្រីផងដែរ។

ឯកឧត្តម ភារ ធារី បានបង្ហាញពីទឹកចិត្តសប្បាយរីករាយ ដែលបានចូលរួមជាលើកដំបូង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារសកម្មភាពមីននៅកម្ពុជា ហើយលោកបានបញ្ជាក់ថា នេះជាជំនួបលើកទី១ រវាងរូបលោកតំណាងរដ្ឋាភិបាលហុងគ្រី និងថ្នាក់ដឹកនាំអាជ្ញាធរមីន ហើយលោកគ្រោង នឹងទៅបំពេញទស្សនកិច្ចនៅខេត្តកែប ដើម្បីពិនិត្យលទ្ធផលបោសសម្អាតមីននោះ៕រក្សាសិទ្ធិដោយ ៖ កូលាប

×