Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣តុលា ផ្តោតលើប្រធានបទ “បង្កើនការត្រៀមបង្ការហានិភ័យគ្រោះ មហន្តរាយ ដើម្បីភូមិ ឃុំមានសុវត្ថិភាព និងភាពធន់”

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានចេញសារលិខិតក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ។

ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២១ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ដែលយើងម្នាក់ៗត្រូវ ចូលរួមនិងចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាភារកិច្ចយើងទាំងអស់គ្នា។ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រារព្ធធ្វើឡើងនាថ្ងៃទី១៣ ខែតុលា ជារៀងរាល់ឆ្នាំ ដែលរាជរដ្ឋាភិបាល បានសម្រេចកំណត់ស្របជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយនិងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ។ ឆ្នាំនេះជាឆ្នាំទី២ នៃការប្រារព្ធពិធី ប៉ុន្តែអាស្រ័យដោយស្ថានភាពនៃជំងឺកូវីដ-១៩ មិនទាន់ស្រាកស្រាន្តដែលជា ហេតុមិនអាចឱ្យមានការជួបជុំមហាជនប្រារព្ធមិទ្ទង និងធ្វើយុទ្ធនាការអប់រំអំពីការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយនោះបានឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អស់រយៈពេលជិតពីរឆ្នាំកន្លងមកនេះ នៅទូទាំងពិភពលោក ជំងឺរាតត្បាតសកលកូវីដ-១៩ ដែលជាមុខ សញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយដ៏កាចសាហាវនៅមិនទាន់ធូរស្បើយនៅឡើយផង ស្រាប់តែគ្រោះមហន្តរាយ ធម្មជាតិដែលបណ្តាលមកពីការកើនឡើងកំដៅផែនដីបានកើតមានបន្ថែមនៅឆ្នាំ២០២១ ធ្វើឱ្យប្រទេសជាច្រើន នៅលើពិភពលោកជួបនូវគ្រោះមហន្តរាយ ភ្លើងឆេះព្រៃ ខ្យល់ព្យុះសង្ឃរា ទឹកជំនន់ធ្ងន់ធ្ងរ គ្រោះរញ្ជួយដី បាន បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សអស់ជាច្រើន។

ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជាគ្រោះមហន្តរាយជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មីក៏កំពុងកើត មាននៅទូទាំងប្រទេស ហើយរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាច្រើនមានជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍ ន៍ជាតិនិងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ជៀសផុតពីជំងឺឆ្លងកូវីដ-១៩។ ហើយចំណុចយុទ្ធសាស្ត្រជា គន្លឹះសំខាន់គឺ ការចាក់វ៉ាក់សាំងជូនប្រជាជនដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីជួយដល់ ការគ្រប់គ្រងការឆ្លងរាលដាល ការកាត់បន្ថយអត្រាព្យាបាល និងអត្រាមរណៈ។ នៅក្នុងឆ្នាំនេះក៏ដូចជាឆ្នាំ២០២០ ដែរ បន្ថែមពីលើជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី គ្រោះមហន្តរាយដោយធម្មជាតិបានបំផ្លិចបំផ្លាញអាយុជីវិត មនុស្ស ទ្រព្យសម្បត្តិ ដូចមានខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង រន្ទះបាញ់ បាក់ច្រាំងទន្លេ រាំងស្ងួត ជំងឺឆ្លង និងគ្រោះ មហន្តរាយដោយមនុស្ស អគ្គិភ័យជាដើម។ល។ កើតមានស្ទើរគ្រប់រាជធានី ខេត្តនៅទូទាំងប្រទេស។

ស្ថិតក្នុងស្ថានការណ៍ដែលកើតមានគ្រោះមហន្តរាយ ជំងឺរាតត្បាតសកលកូវីដ-១៩ និងគ្រោះមហន្តរាយ ដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនៅលើពិភពលោក ក៏ដូចជានៅកម្ពុជានោះការប្រារព្ធទិវាជាតិគ្រប់គ្រង គ្រោះមហន្តរាយ ១៣ តុលា ២០២១ នៅកម្ពុជា គឺផ្តោតលើប្រធានបទ “បង្កើនការត្រៀមបង្ការហានិភ័យគ្រោះ មហន្តរាយ ដើម្បីភូមិ ឃុំមានសុវត្ថិភាព និងភាពធន់” ដែលក្នុងន័យបំផុសស្មារតីលើកកម្ពស់ការត្រៀមបង្ការការ ត្រៀមរៀបចំទប់ទល់ទៅនឹងព្រឹត្តិការណ៍អាក្រក់នានា។

ដើម្បីឆ្លុះបញ្ចាំងទៅលើប្រធានបទខាងលើ សម្តេចនាយករដ្ឋមន្រ្តី សូមបញ្ជាក់ជូនជ្រាបថា ក្នុងការត្រៀមបង្ការ និងការកាត់បន្ថយគ្រោះមហន្តរាយ រាជរដ្ឋាភិបាលបានបង្កើនសមិទ្ធិផលជាច្រើន ដូចជាការពង្រឹងការគ្រប់គ្រង ធនធានទឹក ការស្តារនិងកសាងរចនាសម្ព័ន្ធស្រោចស្រព អាងស្តុកទឹក ប្រឡាយ សំណង់ទ្វារទឹក ប្រព័ន្ធរំដោះទឹក និងទំនប់ការពារទឹកជំនន់។ ពង្រឹងយន្តការតាមដានព្យាករណ៍ និងផ្សព្វផ្សាយព័ត៌មានជលសាស្ត្រនិងឧតុនិយម ឱ្យកាន់តែមានសុក្រឹត្យភាពនិងទាន់ពេលវេលា ដើម្បីកាត់បន្ថយនូវគ្រោះមហន្តរាយដែលបណ្ដាលមកពីទឹកជំនន់ រាំងស្ងួត។ ធ្វើការស្រាវជ្រាវ និងការអភិវឌ្ឍ ដើម្បីបង្កើនផលិតភាពស្រូវ ដំណាំផ្សេងៗ ការប្រើប្រាស់ពូជដែលមាន គុណភាព ភាពធន់ និងការប្រែប្រួលអាកាសធាតុ។ ធ្វើការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពង្រឹងការ គ្រប់គ្រងបរិស្ថាន គ្រប់គ្រងសំរាម សំណល់រឹង សំដៅថែរក្សាគុណភាពបរិស្ថាន និងកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ។ បន្តអភិវឌ្ឍវិស័យសុខាភិបាល កាត់បន្ថយការឈឺនិងស្លាប់ ដោយសារជំងឺឆ្លងឱ្យកាន់តែប្រសើរឡើង។ មណ្ឌលសុខភាព សាលារៀន អគារសាធារណៈក៏ត្រូវបានសាងសង់ខ្ពស់ពីទឹកជំនន់។ល។ ហើយក្នុងការឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយ រាជរដ្ឋាភិបាលបានផ្ដោតសំខាន់ទៅលើការគាំពារដល់ប្រជាជនក្នុងពេលនិងក្រោយ

ពេលគ្រោះមហន្តរាយតាមរយៈយន្តការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដោយមានកិច្ចសហការពីកាកបាទក្រហម កម្ពុជា ចលនាយុវជន និងគ្រប់តួអង្គពាក់ព័ន្ធ ពិសេសតួអង្គសំខាន់នោះគឺ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ កងរាជអាវុធហត្ថដែលបានបំពេញកាតព្វកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការស្រោចស្រង់អាយុជីវិតប្រជាជន នៅពេលមានវិបត្តិគ្រោះមហន្តរាយកើតឡើងផង។ ជារួមការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារអន្តរវិស័យ និងមានលក្ខណៈប្រទាក់ក្រឡាដែលតម្រូវឱ្យមានការចូលរួមពីប្រជាជនយើងម្នាក់ៗ គ្រួសារ សហគមន៍ ក្រសួង · ស្ថាប័ន ផ្នែកឯកជន សង្គមស៊ីវិល សំដៅកាត់បន្ថយហានិភ័យដែលមានស្រាប់ត្រៀមបង្ការហានិភ័យថ្មី ដើម្បី បញ្ចៀសគ្រោះមហន្តរាយ។

ដើម្បីធានានូវភាពជោគជ័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ សម្តេចហ៊ុន សែន សូមយកឱកាស នៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២១ នេះធ្វើការអំពាវនាវដូចតទៅ ៖

១- ទោះបីជាបងប្អូនជនរួមជាតិបានចាក់វាក់សាំងការពារជំងឺកូវីដ-១៩ ហើយក៏ដោយក៏ត្រូវបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល “៣ការពារ ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយបើមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ សូមមេត្តាអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាតាម ការណែនាំ និងតាមទីកន្លែងដែលបានកំណត់ដោយរដ្ឋបាលរាជធានី ខេត្ត ដើម្បីបង្កើតភាពស៊ាំជៀសផុតពីគ្រោះ មហន្តរាយនៃជំងឺរាតត្បាតកាចសាហាវនេះ។

២- ត្រូវប្រកាន់ខ្ជាប់ជារៀងរហូតនូវវប្បធម៌ចែករំលែកដោយឈរលើស្មារតីជួយគ្នាទៅវិញទៅមក សហការ ឱ្យកាន់តែរឹងមាំថែមទៀតជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ និងជួយរំលែកទុក្ខលំបាកប្រជាជនដែល ងាយរងគ្រោះនៅទូទាំងប្រទេស។

៣- បន្តពង្រឹងស្មារតីសាមគ្គីភាពនិងឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាសុខុមាលភាព ជីវភាពរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីក ចម្រើនឡើងបន្ថែមទៀត។

៤- ត្រូវបង្កើនការយល់ដឹងអំពីឥទ្ធិពលផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយប្រកាន់ខ្ជាប់វិធានការត្រៀម បង្ការ ប្រកបដោយស្មារតីភ្ញាក់រលឹកតាមលំនាំថ្មី និងការទទួលខុសត្រូវខ្ពស់នូវរបៀបរបបរស់នៅស្អាត ថែរក្សា សុខភាពផ្ទាល់ខ្លួន អនាម័យខ្លួនប្រាណ អនាម័យលំនៅដ្ឋាន ការទុកដាក់សំរាម សំណល់រឹង បន្ថយការប្រើប្រាស់ ថង់ប្លាស្ទីកជាដើម។ ការពារថែរក្សាប្រព័ន្ធស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធរំដោះទឹក ដើម្បីការរស់នៅប្រកបដោយ ផាសុខភាព និងសុខុមាលភាព ជៀសផុតពីគ្រោះមហន្តរាយផ្សេងៗ។

៥- ក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិត្រូវពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្ដោត សំខាន់លើការត្រៀមបង្ការហានិភ័យ ដើម្បីកាត់បន្ថយគ្រោះមហន្តរាយ ដោយត្រៀមរៀបចំសម្រាប់ការឆ្លើយតប ទៅនឹងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសជួយដល់ប្រជាជនក្រីក្រ ងាយរងគ្រោះ ស្ត្រី កុមារ ចាស់ជរា និងជនមានពិការភាព។

៦- វិស័យឯកជន ដៃគូរអភិវឌ្ឍ សង្គមស៊ីវិល បន្តចូលរួមសហប្រតិបត្តិការ កៀរគរធនធានដែលចាំបាច់ ដើម្បីធានាអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាព សម្រាប់ភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ។

៧- ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមានបណ្ដាញសង្គម វិទ្យុ ទូរទស្សន៍ សារព័ត៌មានរបស់រដ្ឋនិងឯកជនសូម ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានព្យាករណ៍អាកាសធាតុ កំណើនទឹកទន្លេ ស្ទឹង ព្រែក មុខសញ្ញា គ្រោះថ្នាក់ផ្សេងៗ និងសារអប់រំការយល់ដឹងជាសាធារណៈពីវិធានការ ដើម្បីបញ្ចៀសគ្រោះមហន្តរាយជូនដល់ សាធារណៈជនជ្រាបទាន់ពេលវេលានិងឆាប់រហ័ស៕ រក្សាសិទ្ធិដោយ ៖ កូលាប

×