ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១នេះ បានប្រកាសសាលដីកា និង តម្កល់ទោស ជនជាប់ចោទម្នាក់ ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ជាប់ពាក់ព័ន្ធករណី ដំាដុះដោយខុសច្បាប់នូវរុក្ខជាតិញៀន ( ដំណាំកញ្ឆា) និង រក្សាទុកនូវសារធាតុញៀន ( កញ្ឆារក្រៀម )ប្រព្រឹត្តនៅក្នុងគិរីវង់, ខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០១៩។
លោក គី ឫទី្ធ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងក្នុងសវនាការថា ជនជាប់ចោទរូបនេះ មាន ឈ្មោះ ធីម ណា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ស្រុកស្រុកគិរីវង់, ខេត្តតាកែវ។
ជនជាប់ចោទ ធីម ណា ត្រូវបានសាលាដំបូងខេត្តតាកែវ កាលពីឆ្នាំ ២០២០ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ០៥ ឆ្នាំ និង ពីបទ ” ដំាដុះដោយ ខុសច្បាប់នូវរុក្ខជាតិញៀន និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន(កញ្ឆាក្រៀម) ” តាមបញ្ញតិ្ត មាត្រា ៣៨ និង ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែគាត់ប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការ មកកាន់តុលាការឧទ្ធរណ៍ភ្នំពេញ ។
ជនជាប់ចោទត្រូវបានសមត្ថកិច្ចនគរបាលស្រុកគិរីវង់ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលឆ្មក់ចូល ក្នុងទីតាំង ចំការដំណាំកញ្ឆារបស់គាត់ ស្ថិតនៅស្រុកគីរីវង់។ សមត្ថកិច្ចនគរបាលរឹបអូសបានកញ្ឆាក្រៀម ចំនួន ៩៦ គីឡូក្រាម និង ឡានHighLander ចំនួន ០១គ្រឿង៕ រក្សាដោយ ៖ រស្មី អាកាស

