ភ្នំពេញ ៖ អ្នកខ្លះចេះតែមានអារម្មណ៍ភ័យខ្លាច មិនហ៊ានទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នោះទេ រហូតធ្វើឱ្យហានិភ័យនៃអត្រាស្លា.ប់កើតឡើងមកលើខ្លួនឯង, ឥឡូវនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្របខ័ណ្ឌទូទាំងប្រទេស បានឱ្យដឹងថា ករណីស្លា.ប់ដោយសារជំងឺកូវីដ-១៩ មួយចំនួនធំ គឺធ្លាក់ទៅលើអ្នកដែលអត់បានចាក់វ៉ាក់សាំង។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន លើកបង្ហាញបែបនេះក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១, ដោយលោកស្រីរដ្ឋលេខាធិការសុខាភិបាល បានថ្លែងបន្ដថា អ្នកដែលមិនបានទៅចាក់វ៉ាក់សាំង ការពារខ្លួន ពេលឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេល ៤-៥ថ្ងៃ នឹងវិវឌ្ឍទៅជាសភាពធ្ងន់ធ្ងរ និងអាចមានស្លា.ប់ជាបន្តបន្ទាប់ ប្រសិនបើជំងឺនេះវាយលុកខ្លាំង។
លោកស្រីទទួលខុសត្រូវលើកិច្ចការចាក់វ៉ាក់សាំងរូបនេះ បានបញ្ជាក់ថា កន្លងទៅ យើងសង្កេតឃើញហើយថា អ្នកដែលស្លា.ប់មួយចំនួនធំ គឺសុទ្ធតែអត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩, ដូច្នេះបងប្អូនប្រជាពលរដ្ឋសូមកុំមានអារម្មណ៍ភ័យខ្លាចក្នុងការចាក់វ៉ាក់សាំង ឬជឿតាមគេថា ចាក់វ៉ាក់សាំងនាំទៅដល់ការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរអ្វីនោះឱ្យសោះ ប៉ុន្តែផ្ទុយទៅវិញ មានតែជួយសង្គ្រោះជីវិតលោកអ្នកឲ្យរួចផុតពីការស្លា.ប់ វាយលុកដោយជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






