ភ្នំពេញ ៖ ឯកឧត្តមអ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងខិតខំលើកកម្ពស់វិធីសាស្រ្ដតំរង់ទិស ក្នុងការដោះស្រាយបញ្ហាប្រឈមរួមនៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។ ជាមួយនឹងការគាំទ្រ និងសាមគ្គីភាពដ៏រឹងមាំនៃរដ្ឋសមាជិកអាស៊ាន និងភាគីដៃគូខាងក្រៅនានា កម្ពុជានឹងព្យាយាមធានាឱ្យបាននូវភាពច្បាស់លាស់នៃផលប្រយោជន៍សម្រាប់ប្រជាជននៅទូទាំងតំបន់ ដោយមិនទុកនរណាម្នាក់ចោលឡើយ។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សារីយ៍លើកទី៦០ នៃសន្និសីទលើកដំបូងរបស់បណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធនៅទីក្រុងប៊ែលក្រាត ប្រទេសស៊ែប៊ី ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។
ឯកឧត្តមអ៊ុច បូររិទ្ធ បានបន្តថា
ជាផ្នែកមួយនៃពិភពលោក កម្ពុជាមានមោទនភាព ដែលបានក្លាយជាមជ្ឈមណ្ឌលរួមមួយ សម្រាប់ពហុភាគីនិយមដ៏មានសក្តានុពលបំផុត ដោយកម្ពុជាកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី១៣ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM13) តាមបែបនិម្មិត នៅខែវិច្ឆិកាខាងមុននេះ និងត្រៀមទទួលធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២។
ឯកឧត្តមក៏បារំលឹកឡើងវិញនូវការប្ដេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះគោលការណ៍ទីក្រុងបានឌុង ដែលបានប្រកាសនៅឆ្នាំ១៩៥៥ ស្ដីពីការរួបរួមគ្នាក្នុងសកម្មភាពដែលផ្អែកលើពហុភាគីនិយម ក្នុងការស្វែងរកសន្ដិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់យើង សម្រាប់ពិភពលោកទាំងមូល។

ឯកឧត្តមអ៊ុច បូររិទ្ធ បានលើកឡើងថា ដូចសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ជាច្រើនទៀតដែរ កម្ពុជាបានឆ្លងកាត់គ្រប់រសជាតិក្នុងការតស៊ូដើម្បីឯករាជ្យ ការកសាងសន្តិភាព និងការកសាងប្រទេសជាតិ។ កម្ពុជាបានធ្វើដំណើរលើផ្លូវមួយដ៏វែងឆ្ងាយ ហើយតាមបទពិសោធន៍របស់យើងខ្ញុំ សន្តិភាព ស្ថិរភាព និងសន្តិសុខ គឺមានតម្លៃខ្ពង់ខ្ពស់ឧត្តុងឧត្តមបំផុត ដែលយើងខ្ញុំខឹតខំការពារ និងតស៊ូប្រយុទ្ធប្រឆាំងគ្រប់ការប៉ុនប៉ងតាមរយៈអ្វីដែលគេហៅថា «បដិវត្តន៍ពណ៌» ដកហូតសិទ្ធិកំណត់ជោគវាសនាខ្លួនឯងរបស់យើងខ្ញុំ ។ ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការបញ្ចប់ការបង្ហូរឈាម និងការសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃយើង ក្នុងឆ្នាំ ១៩៩៨។
ឯកឧត្តមអ៊ុច បូររិទ្ធ បានបន្តថា ក្នុងនាមជារដ្ឋក្រោយអាណានិគម និងក្រោយសង្រ្គាម ជាមួយនឹងជំនួយដ៏ថ្លៃថ្លា និងទាន់ពេលវេលារបស់បណ្តាប្រទេសជាមិត្ត កម្ពុជាបានខិតខំតស៊ូស្ដារប្រទេសជាតិឡើងវិញពីបាតដៃទទេ និងកសាងសន្ដិភាព ។ បច្ចុប្បន្ន ទោះបីជាសមត្ថភាពរបស់កម្ពុជានៅមានកម្រិតយ៉ាងណាក្តី ក៏កម្ពុជាបានចូលរួមចែករំលែកបទពិសោធន៍ ដោយទឹកចិត្តមនុស្សធម៌ កសាង និងការពារសន្តិភាព នៅក្នុងពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

