Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី សម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា

spot_img

ភ្នំពេញ ៖ លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍លើវិស័យជាច្រើនរបស់ជាតិ ក្នុងនោះជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចាត់ទុកថាជាវិស័យស្នូរដ៏សំខាន់មួយក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ច។
ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធវីដេអូ(Zoom) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា ឆ្លងកាត់បទពិសោធន៍ក្នុងអាណត្តិការងាររបស់លោកស្រីកន្លងមក លោកស្រីបានមើលឃើញពីខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឲ្យមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ ទន្ទឹមនេះដែរ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារអភិវឌ្ឍន៍អាស៊ី ប្រកបដោយភាពស្និតស្នាលបំផុត។

នាជំនួបនោះ ឯកឧត្តម អ៊ិត សំហេង ក៏បានជម្រាបជូននាយិកាធនាគារអភិវឌ្ឍន៍អាស៊ី អំពីវឌ្ឍនភាពមួយចំនួនដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តនូវគម្រោងធំៗ ដែលជាការជួយឧបត្ថម្ភគាំទ្រ ពីធនាគារអភិវឌ្ឍអាស៊ី។ លោកលើកឡើងថា បច្ចុប្បន្ន អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បាននិងកំពុងអនុវត្តគម្រោងធំៗចំនួន ២ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី គឺ៖១.គម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង២. គម្រោងជំនាញសម្រាប់ការប្រកួតប្រជែង ដែលគម្រោងទាំង២នេះ បានចូលរួមអនុវត្តឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម, គោលនយោបាយអភិវឌ្ឍន៍មុខរបរ និងការងារ, គោលនយោបាយជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ផែនការយុទ្ធសាស្រ្តសកម្មភាពការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, និងផែនការមេសម្រាប់អភិវឌ្ឍន៍គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងនោះរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ, ការបំពាក់ឧបករណ៍សម្ភារ, ការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍកម្មវិធីសិក្សា, ការបណ្តុះបណ្តាល, ប្រាក់ឧបត្ថម្ភសិស្ស, កម្មសិក្សា (គ្រូនិងសិស្ស) និងការសិក្សាផ្អែកលើការងារ។

ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ថា ជាការពិត គម្រោងដែលទទួលបានផ្លែផ្កាទាំងនេះ បើមិនមានការចូលរួមជួយជ្រោមជ្រែងពីសំណាក់លោកស្រី Sunniya Durrani-Jamal ទេ ការអនុវត្តនូវគម្រោងទាំងនោះ ពិតជាមិនទទួលបាននូវភាពជោគជ័យតាមការគ្រោងទុកនោះឡើយ.
លោករដ្ឋមន្ត្រីក៏បាន ជម្រាបលោកស្រី Sunniya Durrani-Jamal ថា ក្រសួងបានប្រកាសបើកដំណើរការឡើងវិញ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្រោមឱវាទក្រសួង ក្រោយទទួលបានការឯកភាពពីសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការបើកដំណើរការឡើងវិញគ្រឹះស្ថាន អ.ប.វ. គឺមានភាពចាំបាច់ណាស់ ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងប្រសិទ្ធភាពនៃកម្លាំងពលកម្មជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ជាងនេះទៅទៀត ការអប់ររំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោកស្រីបានចូលរួមអបអរសាទរចំពោះក្រសួង ដែលបានបើកដំណើរការឡើងវិញគ្រឹះស្ថាន អ.ប.វ. ដែលនេះពិតជាការចូលរួមចំណែកបន្តលើកកម្ពស់វិស័យTVET ឲ្យមានសកម្មភាពបណ្តុះបណ្តាលយុវជនកម្ពុជា កាន់តែមានសមត្ថភាពក្នុងការបម្រើសង្គមជាតិរបស់ខ្លួន។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរ និងស្នើដល់ ADB បន្តនូវកិច្ចសហប្រតិបត្តិការ លើវិស័យTVET ជាមុំមួយនៅក្នុងយុទ្ធសាស្រ្តចតុកោណ ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និង ឯកឧត្តម ក៏បានស្នើដល់ ADB ចំពោះការផ្តល់គម្រោងគាំទ្រវិស័យ TVET នានា សូមឱ្យមានភ្នាក់ងារអនុវត្តន៍គម្រោងដោយក្រសួងសាមីផ្ទាល់តែម្តង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យ ក៏ដូចជាប្រសិទ្ធភាពនៃការអនុវត្តគម្រោងប្រកបដោយគុណភាព។

ឆ្លើយតបជាមួយនឹងសំណូមពររបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី Sunniya Durrani-Jamal នឹងលើកយកសំណើទាំងនេះ ជួយសិក្សារកវិធីសាស្ត្រនិងគាំទ្រដើម្បីអោយយុវជនងាកមកចាប់អារម្មណ៍ចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធ TVET ដោយក្នុងនោះ នឹងបន្តសហការជាមួយគ្នាដើម្បីរៀបចំគម្រោងថ្មីៗថែមទៀតសំដៅធានាដល់ការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈ ការបណ្តុះបណ្តាលផង ធ្វើការផង ក៏ជាដំណោះស្រាយដ៏ល្អ ក្នុងការបង្កើតកម្លាំងពលកម្មជំនាញ ព្រោះថាការបណ្តុះបណ្តាលតែនៅតាមគ្រឹះស្ថានរហូតដល់ចប់ ហើយទើបចូលទៅទីផ្សារការងារគឺមិនអាចឆ្លើយតបទាន់តាមតម្រូវការនៃទីផ្សារការងារបាននោះទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×