កណ្ដាល ៖ ថៅកែស្ថានីយ៍ប្រេងឥន្ធនៈចំនួន២នាក់ និងមេការម្នាក់ ប្រព្រឹត្តបទល្មើសពាក់ព័ន្ធការលក់ប្រេងឥន្ធន:មិនគ្រប់ចំនួនលីត្រ និងក្លែងបន្លំគុណភាពប្រេង នាល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ត្រូវបានលោក ជាសុខហេង ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ត ។

ជនជាប់ចោទទាំង៣នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ក្នុងបទល្មើស «ក្លែងបន្លំគុណភាព និងបរិមាណប្រេង ប្រកបសកម្មភាពពាណិជ្ជកម្មមិនស្របច្បាប់ ឆបោក និងបំផ្លិចបំផ្លាញ ឬគៃបំបាត់វត្ថុដែលមានបិទស្លាកបោះត្រា»។
ថៅកែស្ថានីយ៍ប្រេងឥន្ធនៈចំនួន២នាក់ និងមេការម្នាក់ ត្រូវបានមន្រ្តីជំនាញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រកឃើញប្រព្រឹត្តបទល្មើសពាក់ព័ន្ធការលក់ប្រេងឥន្ធន:មិនគ្រប់ចំនួនលីត្រ និងក្លែងបន្លំគុណភាពប្រេង។
សូមបញ្ជាក់ថា ថៅកែស្ថានីយប្រេងឥន្ធនៈចំនួន២នាក់ និងមេកាម្នាក់ដែលពាក់ព័ន្ធនឹងករណីលក់ប្រេងឥន្ធនៈមិនប្រក្រតី (មិនគ្រប់លីត្រ) ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ។

តាមរបាយការណ៍របស់នគរបាល បានបញ្ជាក់ថា ករណីនេះបានកើតហេតុនៅថ្ងៃទី១២ ខែតុលា ២០២១ វេលាម៉ោង៧និង០០នាទី នៅចំណុចស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ «ចាន់ធឿន» និងស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ «ម៉ាក់ ម៉ីម៉ី» ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
ជនសង្ស័យ៣នាក់ដែលបញ្ជូនទៅតុលាការនោះ រួមមាន៖ ១) ឈ្មោះ ហ៊ុយ សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ២) ឈ្មោះ នុត វាន់ឌឿន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិកោះគរ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និង៣) ឈ្មោះ ថូ សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានអះអាងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី ក្រុមគណៈកម្មាធិការចម្រុះប្រចាំខេត្ដកណ្តាល និងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះទៅត្រួតពិនិត្យនៅចំណុចស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ «ចាន់ធឿន» និងស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ «ម៉ាក់ ម៉ីម៉ី» ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏បានពិនិត្យឃើញថា មានមិនប្រក្រតីជាលទ្ធផលរួមមាន ៖ ដេប៉ូ «ម៉ាក់ម៉ីម៉ី» លក់ប្រេងសាំងធម្មតា ខ្វះ៧លីត្រ ក្នុង១០០លីត្រ, ប្រេងសាំស៊ុបពែរ ខ្វះ៨,៨លីត្រ ក្នុង១០០លីត្រ, ប្រេងម៉ាស៊ូត ខ្វះ៥,០៥លីត្រ ក្នុង១០០លីត្រ និងដេប៉ូ «ចាន់ ធឿន» លក់ប្រេងសាំងធម្មតា ខ្វះ៥,៣លីត្រ ក្នុង១០០លីត្រ, ប្រេងសាំងស៊ុបពែរ ខ្វះ៥,៨លីត្រ ក្នុង១០០លីត្រ, ប្រេងម៉ាស៊ូត ខ្វះ ៦,១៥លីត្រ ក្នុង១០០លីត្រ ទើបសមត្ថកិច្ចបានធ្វើការបិទសៀល ទៅលើដៃបូមប្រេងឥន្ទនៈ និងផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មរបស់ដេប៉ូប្រេងឥន្ទនៈទាំង២នេះ។

លុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១២០២១ វេលាម៉ោង៧និង០០នាទី ឈ្មោះ ហ៊ុង សុខហ៊ាង បានមកចំណុចស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ «ចាន់ ធឿន» របស់ខ្លួន ហើយក៏បានយកកន្ត្រៃមកកាត់ផ្តាច់ខ្សែលួស (សៀល) ដើម្បីបើកលក់ជាធម្មតាឡើងវិញ។
ចំណែកឯឈ្មោះ ថូ សុផាត នៅ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង០០នាទី គាត់បានយកកន្ត្រៃមកកាត់ខ្សែលួស (សៀល) ដែលសមត្ថកិច្ចបានបិទនោះ ដើម្បីបើកលក់ជាធម្មតាវិញដែរ។ ភ្លាមៗ នោះក្រុមគណៈកម្មាធិការចម្រុះបានចុះទៅបិទអាជីវកម្មម្តងទៀត និងនាំខ្លួនជនទាំង៣នាក់នោះ មកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរ។
តំណាងអយ្យការបានអះអាងថា ថៅកែស្ថានីយប្រេងឥន្ធនៈទាំងនេះ បានបំពាននឹងច្បាប់ដែលអាចចាត់ចូលជាបទព្រហ្មទណ្ឌ ហើយអាចនឹងយោងតាមបទចោទមាត្រា ៥៣៥-៥៣៦ ដែលនេះគ្រាន់តែសន្និដ្ឋានជាបឋមមុនសិនប៉ុណ្ណោះ រង់ចាំថ្ងៃឡើងសវនការទើបកាត់ក្ដីតាមបទល្មើសជាក់ស្ដែង។
លោក តូច ចៅកុយ ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកណ្ដាល (ក.ប.ប) បានឱ្យដឹងថា ករណីនេះកម្លាំងរបស់លោកបានចុះមកពិនិត្យដោយរកឃើញថា មានភាពមិនប្រក្រតីជុំវិញការលក់ប្រេង ហើយបិទបណ្ដោះអាសន្នសិន ប៉ុន្តែម្ចាស់ស្ថានីយពុំព្រមគោរពតាមគោលការណ៍ និងហ៊ានកាត់ផ្ដាច់ខ្សែសៀល និងលក់ទាំងបំពាន ទើបលោកសុំគោលការណ៍ ព្រះរាជអាជ្ញាខេត្តកណ្ដាលលោក លាវ ស្រេង ដើម្បីសុំកម្លាំងអន្តរាគមន៍ចុះមកអនុវត្តន៍ទៅតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ កូលាប












