ភ្នំពេញ ÷ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តម៉ាក Rang rover ស៊េរីទំនើបមួយគ្រឿង បើកបរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងល្បឿនលឿន បានរេចង្កូតរថយន្តជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងដាច់ខ្ទាតទៅប៉ះម៉ូតូ កំពុងតែជិះតាមដងផ្លូវបណ្តាលឲ្យដួលរងរបួសស្រាល។ ចំណែកតៃកុងរថយន្តបង្ក សមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញ
បុរសម្នាក់បានបើករថយន្តម៉ាក Rang roverស៊េរីទំនើបមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AH-9998 បើកបរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងមកជើងក្នុងលឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ពុំដឹងថារថយន្តមានបញ្ហាអ្វីនោះទេ ក៏បានរេចង្កូតជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បា.ក់មួយកង់ស្របពេលដែលយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1GT-4891នៅផ្លូវម្ខាងទៀត ក៏ខ្ទាតរបាំងថ្មមួយកង់ទៅប៉ះម៉ូតូ ចំពីមុខបណ្តាលឲ្យដួលរងការខូចខាត ចំណែកឯម្ចាស់ម៉ូតូគ្រាន់តែរងរបួសស្រាល។

សូមបញ្ជាក់ នៅក្នុងករណីខាងលើនេះដែរ ក៏មានតំណាងខាងរថយន្ត បានចេញមុខមក សម្របសម្រួលគ្នាជាមួយ និងខាងម៉ូតូដោយជួយចេញថ្លៃ ការជួសជុល និងព្យាបាលរបួសចំនួន ២០០ដុល្លារបញ្ចប់រឿង។
ដោយឡែកក្រោយពេលកើតហេតុ ដោយសាររថយន្តបង្កតែប៉ះពាល់ទ្រូងផ្លូវ ជាសម្បត្តិរដ្ឋមិនអាចដោះស្រាយ នៅកន្លែងបានភ្លាមៗ រថយន្តបង្កត្រូវ បានសមត្ថកិច្ច ស្ទូចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំដំណោះតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សា មេត







