Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកដឹងពីមូលហេតុ ពួកឧត្ដមសេនីយ៍យោធាមីយ៉ាម៉ា ធ្វើរដ្ឋប្រហារយោធា

spot_img

រដ្ឋធានីណៃពិដោរ ៖ រហូតមកដល់ពេលនេះ ទើបដឹងការពិត ពីមូលហេតុ នៃការធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពេលអតីតប្រធានធិបតីមីយ៉ាម៉ា ធ្វើសក្ខីកម្មតទល់ នៅក្នុងតុលាការ នៃរបបយោធា គឺពួកឧត្ដមសេនីយ៍បានបង្ខំលោកប្រគល់អំណាចឲ្យពួកគេ ហើយឆ្លើយថា នេះមិនមានការធ្វើរដ្ឋប្រហារ ប៉ុន្ដែវាជាការផ្ទេរអំណាចស្របច្បាប់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ថា បើតាមមេធាវីការពារក្ដីឲ្យលោក Win Myint អតីតប្រធានាធិបតីស៊ីវិលរបស់មីយ៉ាន់ម៉ាន ដែលត្រូវបានបណ្ដេញចេញពីអំណាច ដោយរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានផ្ដល់សក្ខីកម្ម នៅចំពោះមុខតុលាការ នៃរបបយោធាភូមា ថា មុនពេលធ្វើរដ្ឋប្រហារជាច្រើនម៉ោង ពួកឧត្ដមសេនីយ៍យោធា បានបង្ខិតបង្ខំគាត់ ឲ្យប្រគល់អំណាចដល់ពួកគេ។ ពួកឧត្ដមសេនីយ៍យោធាទាំងនោះ ថែមទាំងគំរាមដល់គាត់ថា ប្រសិនបើគាត់មិនព្រមប្រគល់អំណាចឲ្យទេ ពួកគេនឹងធ្វើបានគាត់។

នៅក្នុងការផ្ដល់សក្ខីកម្មដល់តុលាការនោះ លោក Wim Myint អតីតប្រធានាធិបតីមីយ៉ាន់ម៉ា បានជំទាស់ទៅនឹងការទទូចរបស់ពួកយោធាថា គ្មានការធ្វើរដ្ឋប្រហារ ហើយការគ្រប់គ្រងអំណាចរបស់ពួកគេ បានកើតឡើងតាមរយៈការផ្ទេរអំណាច ដោយស្របច្បាប់។ លោក Wim Myint បានធ្វើអត្ថាធិប្បាយជាសាធារណៈជាលើកដំបូង ចាប់តាំងពីរដ្ឋប្រហារយោធា ហើយលោក បានប្រឆាំងនឹងការអះអាងរបស់ពួកយោធា ថា មិនមានការធ្វើរដ្ឋប្រហារ ដោយចាត់ទុកថា ករណីនេះជាផ្ទេរអំណាច ដោយស្របច្បាប់ទៅឲ្យពួកឧត្ដមសេនីយ៍ក្លាយជាប្រធានាធិបតីស្ដីទី។

លោក Win Myint បានផ្តល់សក្ខីកម្ម នៅក្នុងតុលាការ នៃរបបយោធាភូមា ជាមួយលោកស្រី អ៊ុង សាន់ស៊ូជី ជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព និងជាមេដឹកនាំរដ្ឋាភិបាលស៊ីវិល ដែលឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី កាលពីឆ្នាំ២០២០ មុនពេលមានការធ្វើរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងអង្គជំនុំជម្រះរបស់តុលាការ នៃរបបយោធានេះ បានចោទប្រកាន់បទល្មើស ជាច្រើនករណី មកលើលោកស្រី អ៊ុង សាន់ស៊ូជី និងមន្រ្ដីជាន់ខ្ពស់បក្សរបស់លោកស្រី រួមមាន អំពើបះបោរ, បទញុះញង់…និង បទល្មើសជាច្រើនទៀត រហូតធ្វើឲ្យអ្នកការទូតរបរទេសទាំងអស់ មិនទទួលស្គាល់របបយោធារបស់ពួកគេ។

បើតាមសមាគមជំនួយអ្នកទោសនយោបាយ បានអះអាងថា គិតចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ពួកយោធាបានបង្ក្រាបយ៉ាងព្រៃផ្សៃទៅលើក្រុមអ្នកតវ៉ាអហិង្សា ប្រឆាំងនឹងរដ្ឋប្រហារយោធា។ នៅក្នុងអំពើហិង្សានោះ ពួកយោធាបានសម្លាប់មនុស្សជាង១០០០នាក់។ ដោយឡែក មនុស្សរាប់ម៉ឺននាក់ផ្សេងទៀត បានរត់ចោលលំនៅឋាន ហើយអ្នកខ្លះ បានរត់ទៅចូលរួមជាមួយនឹងក្រុមចលនាបះបោរប្រដាប់អាវុធ នៅតាមរដ្ឋនានា ដើម្បីប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា៕ រក្សាសិទ្ធិដោយ ៖ សារាយ SN

spot_img
×