Wednesday, October 27, 2021

បម្រាមរបស់តាលីបង់ ធ្វើឲ្យក្មេងស្រីអាហ្វហ្គានីស្ថាន ជាង២,២លាននាក់ អត់បានចូលរៀន

រដ្ឋធានីកាប៊ូល ៖ ក្រោយពេលឡើងគ្រប់គ្រងអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ រួចមក តាលីបង់ បានហាមឃាត់ស្រ្ដីចូលសាលារៀន ធ្វើឲ្យក្មេងស្រី ជាង២,២លាននាក់ មិនអាចចូលរៀនសូត្រទៀត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ថា កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងមក តាលីបង់បានប្រកាសថា ពួកគេនឹងអនុញ្ញាតឲ្យបើកសាលារៀនទាំងអស់ឡើងវិញ។ ប៉ុន្ដែសាលាទាំងនោះ អនុញ្ញាតតែសម្រាប់សិស្សប្រុសគ្រប់វ័យទាំងអស់ ដោយលើកលែងតែសិស្សស្រីថ្នាក់អនុវិទ្យាល័យ។ បម្រាមរបស់តាលីបង់ កំពុងតែធ្វើឲ្យមានសំណួរចោទសួរ អំពីគោលនយោបាយរបស់ពួកគេ អំពីសិទ្ធិសិក្សារបស់ស្រ្ដី។

យុវតី Rahela Nussrat អាយុ១៧ឆ្នាំ ជាអ្នករស់នៅទីក្រុងកាប៊ុល បានបញ្ជាក់ថា នាងនឹងបញ្ចប់ថ្នាក់សិក្សា នៅវិទ្យាល័យ ក្នុងឆ្នាំ២០២១។ នាង ក៏ដូចជាក្មេងស្រ្ដីអាហ្វហ្គានីស្ថានរាប់លាននាក់ផ្សេងទៀត កំពុងតែបាត់បង់សិទ្ធិ រៀនសូត្ររបស់នាង ក្រោយការដួលរលំរដ្ឋាភិបាលគាំទ្រដោយលោកខាងលិចរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

យុវតី Rahela Nussrat បានប្រាប់ដល់អ្នករាយការណ៍ព័ត៌មាន Al Jazeera ថា «ការអប់រំជាសិទ្ធិមូលដ្ឋានដ៏សំខាន់បំផុតមួយរបស់មនុស្ស។ ប៉ុន្តែបច្ចុប្បន្នពួកតាលីបង់ បានដកហូតសិទ្ធិជាមូលដ្ឋាននេះ ចេញពីនាង ក៏ដូចជា ក្មេងស្រីអាហ្វហ្គានីស្ថានរាប់លាននាក់ដទៃទៀត»។

ផ្ទុយពីការអះអាងខាងលើនេះ តាលីបង់ បានអះអាងថា «បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ចាំបាច់ត្រូវធ្វើតែ សម្រាប់ក្មេងស្រីដែលមានអាយុច្រើន ទើបអាចនឹងវិលត្រឡប់ទៅកាន់សាលារៀនបាន។ ជាមួយគ្នានេះ សាលារៀនទាំងអស់ នឹងត្រូវបើកឡើងវិញ ក្នុងពេលដ៏ឆាប់ៗនេះ តាមតែអាចធ្វើទៅបាន »។

ថ្វីបើតាលីបង់បានអះអាងបែបនេះក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះ ពួកគេនៅមិនទាន់បានកំណត់ពេលវេលាឲ្យច្បាស់លាស់ សម្រាប់ការបើកសាលារៀន សម្រាប់ក្មេងស្រីចូលឡើងវិញឡើយ។ ក្នុងអំឡុងពេលគ្រប់គ្រង ដោយរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន គាំទ្រដោយលោកខាងលិច គឺអាហ្វហ្គានីស្ថានបានពុះពារយ៉ាងខ្លាំង សម្រាប់អូសទាញស្រ្ដី ឲ្យវិលទៅសាលារៀន។ ប៉ុន្ដែបច្ចុប្បន្ន ក្រោយពេលតាលីបង់ ដណ្ដើមគ្រប់គ្រងបាន ធ្វើឲ្យក្មេងស្រីអាហ្វហ្គានីស្ថាន ជាង២,២លាននាក់ មិនអាចចូលរៀនបាន ដូចកាលពីឆ្នាំមុនទេ ពោលគឺ៦០ភាគរយ នៃកុមារី សរុប ដែលមិនបានទៅសាលារៀន នៅទូទាំងប្រទេស។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ តាលីបង់ នៅតែមិនមានភាពច្បាស់លាស់ ក្នុងការបើកអនុវិទ្យាល័យឡើងវិញ។ បញ្ហានេះ កំពុងបង្កើតជាបញ្ហា និង ធ្វើឲ្យប៉ះទង្គិចដល់អារម្មណ៍របស់ក្មេងស្រីអាហ្វហ្គានីស្ថាន រាប់លាននាក់ ជាពិសេស ក្រុមគ្រួសារ ដែលតែងតែគិតថា ក្រោយការបញ្ចប់សង្គ្រាម ប្រទេសអាចវិលត្រឡប់ទៅរកជីវភាពធម្មតាឡើងវិញ។

តាលីបង់ ធ្លាប់គ្រប់គ្រងអំណាច នៅលើទឹកដីអាហ្វហ្គានីស្ថាន ចន្លោះពីឆ្នាំ១៩៩៦-២០០១ មុនពេលសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត បានលើកកងទ័ព វាយចូលលុកលុយ និងបណ្ដេញចេញពីអំណាច។ តាលីបង់ នាពេលនេះ បានប្រព្រឹត្តអំពើឃោរឃៅ ជាពិសេស ទៅលើស្រ្ដីភេទ។ តាលីបង់ បានដាក់បម្រាមយ៉ាងតឹងរ៉ឹងដល់ស្រ្ដីអាហ្វហ្គានីស្ថាន មិនអនុញ្ញាតឲ្យចូលរៀន ហើយការធ្វើដំណើរចេញឆ្ងាយពីផ្ទះ ត្រូវតែមានសាច់ញាតិជាបុរសទៅជាមួយ។ ប្រសិនបើមានករណីស្រ្ដីណាម្នាក់ បានប្រព្រឹត្ដល្មើសនឹងបម្រាបរបស់ពួកគេ គឺត្រូវរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងករណីខ្លះ ស្ដ្រីនោះអាចនឹងត្រូវរងទណ្ឌកម្ម ដោយគប់នឹងដុំថ្ម រហូតដល់ស្លាប់។

ការមិនអនុញ្ញាតឲ្យស្រ្ដី ចូលសិក្សានោះ ក៏កំពុងតែ ជំរុញឲ្យពលរដ្ឋអាហ្វហ្គានីស្ថាន នឹកគិតស្រមៃទៅអតីតកាល ថា តាលីបង់ អាចនឹងយកច្បាប់ដ៏ព្រៃផ្សៃ កាលពី២០ឆ្នាំមុន មកអនុវត្ដបន្ដទៀត។ ស្រ្ដីអាហ្វហ្គានីស្ថាន បច្ចុប្បន្នកំពុងតែបាត់បង់សិទ្ធិរបស់ខ្លួន ក្នុងការទទួលបានការសិក្សា ក្រោយការដួលរលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ៕ រក្សាសិទ្ធិដោយ ៖ សារាយ SN