Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ប្រកាសបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាលើកដំបូង ខណៈ CEO ជាអតីតអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិប FC Barcelona

spot_img

CAMSOC-ភ្នំពេញ ៖ គណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​(FFC) បានប្រកាសអំពីការសម្រេចជាឯកច្ឆន្ទ ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​លីគ​បាល់ទាត់កម្ពុជាលើកដំបូង ដើម្បីជម្រុញបន្ថែមនូវវឌ្ឍនភាព និងភាពភាពរីកចម្រើន នៃលីគអាជីពកម្ពុជា ឈានទៅមុខមួយកំរិតទៀត ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ FFC បានធ្វើការតែងតាំងលោក សាតូស៊ី សៃតូ (Satoshi Saito) គឺជានាយកប្រតិបត្តិ(CEO) នៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាខាងលើ ដែលលោកគឺធ្លាប់មានប្រវត្តិជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិប FC Barcelona និងជាទីប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA) ទៀតផង ។

តាមការបញ្ជាក់របស់ថ្នាក់ដឹកនាំ FFC បានឲ្យដឹងថា គំនិតផ្ដួចផ្ដើមដ៏សំខាន់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ គឺជាជំហានដ៏សំខាន់មួយទៀត ក្នុងការធានានូវការអភិវឌ្ឍ និងភាពជោគជ័យសម្រាប់បាល់ទាត់កម្ពុជានៅថ្ងៃអនាគត រួមទាំងគោលដៅដែលបានកំណត់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធ បានមានប្រសាសន៍ថា «នេះគឺជាយុគសម័យថ្មីមួយនៃបាល់ទាត់កម្ពុជា ។ បើយើងសម្លឹងមើលប្រទេសដែលមានបាល់ទាត់ឈានមុខជុំវិញពិភពលោក ការមានលីគអាជីពប្រកបដោយគុណភាពខ្ពស់ នឹងរួមចំនែកដ៏ភាពជោគជ័យរបស់ក្រុមជម្រើសជាតិ និងពង្រឹងប្រព័ន្ធអេកូបាល់ទាត់(Football Ecosystem) បានកាន់តែប្រសើរទៀតផង» ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដដែល បានបង្ហាញសុទិដ្ឋិនិយមថា «ខ្ញុំជឿជាក់ថា លោក សាតូស៊ី ដែលមានបទពិសោធន៍ច្រើនក្នុងការគ្រប់គ្រងកីឡាបាល់ទាត់ ជាបុគ្គលមួយរូបដែលស័ក្ខិសមបំផុត ក្នុងការតម្រង់អនាគតរបស់ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ដែលទើបបង្កើតថ្មីនេះ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធរបស់យើង ដើម្បីភាពជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យបាល់ទាត់កម្ពុជា» ។

ចំណែកលោក សាតូស៊ី CEO នៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា បានលើកឡើងថា «ខ្ញុំបានឃើញពីការផ្លាស់ប្ដូររបស់បាល់ទាត់កម្ពុជាក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ ។ វាគឺជាកិត្តិយសដ៏ធំធេងរបស់ខ្ញុំ ដែលបានចូលរួមក្នុងដំណើរនេះ ដើម្បីនាំមកនូវភាពរុងរឿងដល់បាល់ទាត់កម្ពុជា ។ ខ្ញុំសូមសម្ដែងនូវសេចក្ដីអរគុណយ៉ាងក្រៃលែង ចំពោះទំនុកចិត្ត និងភាពជឿជាក់ដ៏ធំធេងលើរូបខ្ញុំពីឯកឧត្តមប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

លោក សាតូស៊ី បន្ដថា «ដំណើរឆ្ពោះទៅមុខក្នុងស្ថានភាពជំងឺរាតត្បាតនេះ អាទិភាពរបស់ខ្ញុំ គឺការវាយតម្លៃឡើងវិញអំពីការរៀបចំលីគ ក្នុងនោះមានទាំងរចនាសម្ព័ន្ធ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រង និងសហការណ៍ជាមួយក្លិបជាសមាជិក ដើម្បីលើកកម្ពស់ និងពង្រឹងនៃប្រតិបត្តិការទូទៅ និងបង្កើនចំណងមិត្តភាពរបស់យើង ក្នុងកិច្ចទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាផ្លាស់ប្ដូរ និងអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជារបស់យើង ប្រកបដោយចីរភាព និងនិរន្ដរភាព» ។

សូមបញ្ជាក់ថា លោក សាតូស៊ី ធ្លាប់ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិបយក្សពិភពលោក FC Barcelona ហើយក៏ជាអនុប្រធាននៃការិយាល័យបេសកកម្មពិសេស នៅសមាគមកីឡាបាល់ទាត់ជប៉ុន(JFA) ក៏ដូចជានាយកទីផ្សារនៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) និងជាទីផ្សារប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA) ។ ថ្មីៗនេះ លោកក៏ទើបបានបង្កើតការិល័យតំណាងនៅប្រទេសជប៉ុន សម្រាប់ទីផ្សារ GMR ដែលជាទីភ្នាក់ងារកីឡា ដែលមានឯកទេសក្នុងសកម្មភាពឧបត្ថម្ភសម្រាប់កីឡាអូឡាំពិក នៅទីក្រុងតូក្យូផងដែរ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×