Thursday, October 28, 2021

ឯកឧត្តមបណ្ឌិត ថោង ខុន ជំរុញការរៀបចំការប្រកួត កីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ ឲ្យទទួលបានជោគជ័យ

CAMSOC-ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ដើម្បីជំរុញឲ្យការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ នៅខេត្តព្រះសីហនុ ដែលគ្រោងពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ទទួលបានជោគជ័យ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មការទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា គោលដៅចម្បងនៃការទទួលធ្វើម្ចាស់ផ្ទះ ទូកក្តោង ចុងឆ្នាំ២០២១នេះ គឺដើម្បីឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយក៏ជាកិត្តិយសរបស់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិនេះផងដែរ។ «តាមគោលការណ៍សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានដាក់គោលដៅ នៃការរៀបចំប្រកួតកីឡាទូកក្ដោងអន្តរជាតិនៅអាស៊ីអាគ្នេយ៍នេះ ជាចលនា ឬក៏ជាព្រឹតិ្តការណ៍មួយ ដើម្បីបំផុសដំណើរការឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លើគោលការណ៍នេះ គណៈកម្មការរៀបចំការប្រកួត ត្រូវរៀបចំឲ្យកាន់តែច្បាស់លាស់ នូវតួនាទី ភារៈកិច្ចនៃគណៈកម្មការជំនាញនីមួយៗ»។

តាមគម្រោង ព្រឹត្តិការណ៍នេះ នឹងមានប្រតិភូ កីឡាករ មន្ត្រីបច្ចេកទេសអន្តរជាតិប្រមាណ ១៥០នាក់ ដែលចំនួននេះ យើងមានលទ្ធភាព ក្នុងការគ្រប់គ្រងបានល្អ ទាំងការរៀបចំបដិសណ្ឋារកិច្ច ដែលផ្តោតលើការស្នាក់នៅហូបចុកយ៉ាងល្អ ដើម្បីជាកិត្តិយសជាតិយើង ដើម្បីជាការធ្វើការសាកល្បងរបស់យើង។ អ៊ីចឹងយើងធ្វើយ៉ាងណាឲ្យមានការទទួលខុសត្រូវចំពោះការធ្វើបដិសណ្ឋារកិច្ចឲ្យទទួលបានជោគជ័យ ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាវិធានការទប់ស្កាត់កូវីដ-១៩ផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា គណៈកម្មការរៀបចំការប្រកួតកីឡាទូកក្តោងអាស៊ីអាគ្នេយ៍បានរៀបចំផែនការការងារ និងអ្នកទទួលខុសត្រូវលើផ្នែកជំនាញនីមួយៗ ហើយយើងនឹងបន្តបើកកិច្ចប្រជុំជារៀងរាល់ដើមសប្តាហ៍ ដើម្បីសម្រួចគោលដៅនៃការរៀបចំនេះ ឲ្យទទួលបានជោគជ័យ។ ជាមួយគ្នានោះ សហព័ន្ធកីឡាទូកក្តោងសិង្ហបុរីបានជួយរៀបចំលើផ្នែកបច្ចេកទេសជូនដល់ម្ចាស់ផ្ទះកម្ពុជា សម្រាប់ទីតាំងប្រកួតលើលំហរសមុទ្រ ដែលព្រឹត្តិការណ៍នេះគឺស្របតាមគោលដៅយុទ្ធសាស្ត្រឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សម្តេចប្រធាន CAMSOC បានសម្រចបង្កើតគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ ខេត្តព្រះសីហនុ ឆ្នាំ២០២១ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដោយគណៈកម្មការនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន, ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ អមដោយអនុប្រធាន៣រូប និងសមាជិក៦រូប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជាច្រើនរូបនៃអនុគណៈកម្មការជំនាញ-លេខាធិការដ្ឋានសរុបចំនួន៦៕ រក្សាសិទ្ធិដោយ ៖ កូលាប