Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករលក់ដូរ ទាំងផ្សាររដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ បើមិនបង្ហាញកាតចាក់វ៉ាក់សាំង គឺមិនអនុញ្ញាតឲ្យបើកតូបលក់ដូរ

spot_img

ភ្នំពេញ ៖ គណៈកម្មការផ្សារនៅរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចេញចូលផ្សារទាំងអស់ ត្រូវតែបង្ហាញកាតចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនទៅដល់ក្រុមសន្តិសុខសណ្តាប់ធ្នាប់ផ្សារ ទើបអនុញ្ញាតឲ្យចូល ទៅក្នុងផ្សារបាន តែសម្រាប់បងប្អូនអាជីវករផ្សារវិញ បើមិនមានកាតចាក់វ៉ាក់សាំង គឺមិនអនុញ្ញាតឲ្យបើកតូបលក់ដូរតែម្តង។

លោកចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ តុលានេះថា អនុវត្តតាមសេចក្ដីណែនាំលេខ០២៧/២១សណន ចុះថ្ងៃទី០៥តុលា របស់រដ្ឋបាលរាជធានីភ្នំពេញ គណៈកម្មការផ្សារទូលទំពូងបានរៀបចំនៅតាមច្រកចេញចូលផ្សារទាំងអស់ដោយ មិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ចេញចូលផ្សារដោយមិនបានបង្ហាញកាតចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩នោះទេ មានន័យថា បើបងប្អូនប្រជាពលរដ្ឋមិនមានការចាក់វ៉ាក់សាំង គឺមិនអនុញ្ញាតឱ្យចូលផ្សារទេ។

ដោយឡែក សម្រាប់អាជីវករផ្សារវិញ គឺមិនអនុញ្ញាតឲ្យចូលលក់ដូរជាដាច់ខាត បើមិនមានកាតចាក់វ៉ាក់សាំង ឬលិខិតបញ្ជាក់ថា បានចាក់វ៉ាក់សាំងរួច ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបញ្ជាក់ថា សម្រាប់បងប្អូនអាជីវករផ្សារទូលទំពូងទាំងអស់ ក្រុមការងាររបស់លោកបាន ចុះធ្វើការត្រួតពិនិត្យហើយ គឺមិនមានអាជីវករណាម្នាក់ គ្មានកាតចាក់វ៉ាក់សាំងនោះទេ។

ដោយឡែកសម្រាប់ផ្សារអូឡាំពិកវិញ បើតាមការបញ្ជាក់របស់លោកឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូឡាំពិក បានបញ្ជាក់នៅព្រឹកថ្ងៃទី១៤តុលានេះដែរថា អនុវត្តតាមសេចក្ដីណែនាំលេខ០២៧/២១សណន ចុះថ្ងៃទី០៥តុលា របស់រដ្ឋបាលរាជធានីភ្នំពេញនេះ យើងបាន អនុវត្តតាំងពីថ្ងៃចន្ទទី ១១ ខែតុលាមកម្ល៉េះ តែសម្រាប់ថ្ងៃដំបូង មានអាជីវករនិងបងប្អូនប្រជាពលរដ្ឋ ដែលចេញចូលផ្សារមួយចំនួន បានបង្ហាញកាតចាក់វ៉ាក់សាំង តែមួយចំនួនទៀត ក៏មិនបានយកកាតចាក់វ៉ាក់សាំងមកជាប់តាមខ្លួនដែរ ។ ប៉ុន្តែក្រោយពីមានការផ្សព្វផ្សាយ ពីគណៈកម្មការផ្សារជាញឹកញាប់ បងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករ បានអនុវត្តនិងសហការ បានយ៉ាងល្អជាមួយគណៈកម្មការផ្សារ មានន័យថា ពេលចេញចូលផ្សារនិង មកប្រកបអាជីវកម្មនៅក្នុងផ្សារ ពួកគាត់មានកាតចាក់វ៉ាក់សាំងជាប់ខ្លួនជានិច្ច។

លោកក៏បានបញ្ជាក់ថា ក្រៅពីឲ្យបងប្អូនជីវករ និងបងប្អូនប្រជាពលរដ្ឋ ដែលចេញចូលផ្សារ បង្ហាញកាតចាក់វ៉ាក់សាំងហើយ ការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល ក៏បានអនុវត្តជាប្រចាំផងដែរ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

គួរបញ្ជាក់ផងដែរថា បើយោងទៅលើសេចក្ដីណែនាំលេខ០២៧/២១សណន ចុះថ្ងៃទី០៥តុលា របស់រដ្ឋបាលរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងឈានទៅរកការបើកដំណើរការឡើងវិញ លើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×