ភ្នំពេញ ៖ ឯកឧត្តមដួង តារា ជំនួយការសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានប្លែងឲ្យដឹងថា មានករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយ រវាងភាគីបងប្អូន៥គ្រួសារ (ជា ម៉េង, ហេងអៀង, ម៉េង ណាគ្រី, ម៉េង ឆេង លី, ឈឹម គ្រុយ, ជា ខេម៉ា (ប្រពន្ធរបស់ ម៉េង គង់មឿន ដែលកំពុងជាប់ពន្ធធនាគារដោយសារវិវាទនេះ) ជាមួយនឹង ឧត្តមសេនីយ៍ឯកនៃកងយោធពលខេមរភូមិន្ទម្នាក់ លើដីទំហំ (៨,៥៤៩ម២) ស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ គឺត្រូវបានសម្របសម្រួលដោះស្រាយបញ្ចប់ជាស្ថាពរនៅរសៀលថ្ងៃនេះ។

ជម្លោះវិវាទរ៉ាំរ៉ៃគឺកើតឡើងដោយសារភាគីម្ចាស់ដីបានអះអាងថាឪពុកម្តាយខ្លួនពិតជាបានកាន់កាប់ដីមួយកន្លែងតាំងពីឆ្នាំ១៩៧៩ពិតប្រាកដមែន។ នៅឆ្នាំ ២០០៤ ឪពុកម្តាយបានកាត់ដីពាក់កណ្តាលលក់ទៅអោយលោកផ្កាយបីនោះ។ ចំណែកដីមួយផ្នែកទៀត គាត់បានធ្វើប្លង់រឹងទុកជាកេរ្តិ៍ចែកអោយកូនៗ។ ប៉ុន្តែភាគីអ្នកទិញថាគាត់បានទិញដីទាំងអស់នោះហើយ ហើយក៏បានបង់លុយគ្រប់ចំនួនអស់ហើយដែរ។ ដោយសារការអះអាងយកត្រូវរៀងៗខ្លួននេះ ទើបបង្កអោយមានការប្តឹងផ្តល់គ្នាឡើងតុលាការអស់រយៈពេល៧ឆ្នាំកន្លងមក។ ជាជម្រើសចុងក្រោយ គឺបងប្អូនទាំង៥គ្រួសារបានដាក់ពាក្យគោរពសុំអន្តរាគមន៍មក សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១។
ឯកឧត្តមដួង តារា “ខ្ញុំបានពិនិត្យឯកសារទិញលក់គឺឃើញបញ្ជាក់ច្បាស់អំពីទំហំដី និងតម្លៃដីក្នុង១ម៉ែត្រការ៉េ ដែលបញ្ជាក់ថា ភាគីអ្នកទិញមិនបានទិញដីទាំងមូលទេ គឺបានទិញតែ១កំណាត់។ ខ្ញុំបានព្យាយាមជួយសម្របសម្រួលជាមួយភាគីទាំង២ ក្នុងនោះក៏មានការចូលរួមពី លោកឧកញ៉ា លាង ឃុន (ជីពម៉ុង) ផងដែរ”។

នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២១ នេះ ភាគីអ្នកទិញក៏បានយល់ព្រមបង់បន្ថែមនូវទឹកប្រាក់ចំនួន ៤០ម៉ឺនដុល្លារថែមទៀតដល់បងប្អូនទាំង៥គ្រួសារដើម្បីបញ្ចប់វិវាទ។ ភាគីម្ចាស់ដីក៏បានយល់ព្រមប្រគល់ប្លង់ដីរឹង និងឯកសារពាក់ព័ន្ធទាំងអស់ដល់ភាគីអ្នកទិញ ហើយបានផ្តិតមេដៃលើកិច្ចសន្យាសះជាបញ្ចប់វិវាទទាំងស្រុងឈរលើគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ។
ឯកឧត្តមដួង តារា បន្តថា សូមអរគុណយ៉ាងជ្រាលជ្រៅដល់ លោកឧកញ៉ា លាង ឃុន ដែលបានចូលរួមសម្របសម្រួលដោះស្រាយបញ្ចប់បញ្ហាវិវាទនេះប្រកបដោយគុណធម៌ ហើយខ្ញុំក៏សូមអរគុណដល់ភាគីអ្នកទិញ និងបងប្អូនទាំង៥គ្រួសារដែលបានសម្រេចជ្រើសរើសយកដំណោះស្រាយក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះ-ឈ្នះ ដែលបានបញ្ចប់នូវវិវាទដ៏រ៉ាំរ៉ៃជាស្ថាពរដោយសន្តិវិធីនៅថ្ងៃនេះ។
ឯកឧត្តម បានបន្ថែមថា ខ្ញុំបាទសូមគោរពអរគុណ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសឲ្យខ្ញុំបាទបានចូលរួមជួយដោះស្រាយបញ្ហាវិវាទផ្សេងៗជូនប្រជាពលរដ្ឋ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុហក និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ រក្សាសិទ្ធិដោយ ៖ កូលាប



