ភ្នំពេញ៖ កម្ពុជា និងជប៉ុន បានចាប់ដៃគូសហការគ្នា ក្នុងការរៀបចំអភិវឌ្ឍន៍ មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ដើម្បីជំរុញឲ្យកម្ពុជាសម្រេចគោលដៅផែនការអភិវឌ្ឍន៍ឧស្សាហកម្ម៤.០ នៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ខណៈដែលកម្ពុជាស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍ នៅឆ្ងាយពីការអភិវឌ្ឍន៍ឧស្សាហកម្ម៤.០។
ជាមួយគ្នានេះ អ្នកជំនាញបានលើកឡើងថា កម្ពុជារំពឹងថា ឧស្សាហកម្ម ៤.០ នឹងជួយជំរុញសេដ្ឋកិច្ចនាពេលអនាគតដ៏ខ្លីខាងមុខ ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រកាន់យកចក្ខុវិស័យនេះ ដើម្បីសម្រេចបានគោលដៅឆ្នាំ២០៣០ និងឆ្នាំ ២០៥០។
លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានលើកឡើងថា គោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងកំណែទម្រង់មួយចំនួនដូចជា ផែនការអភិវឌ្ឍន៍ឧស្សាហកម្មផែនការធ្វើពិពិធកម្មសេដ្ឋកិច្ច, យុទ្ធសាស្ត្រអប់រំ STEM និងការលើកកម្ពស់ការស្រាវជ្រាវការអភិវឌ្ឍនូវការច្នៃប្រឌិតឧស្សាហកម្ម ៤.០ គឺជាកត្តាជំរុញដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យកម្ពុជាសម្រេចបាននូវគោលដៅរយៈពេលវែងរបស់ខ្លួន ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសអភិវឌ្ឍន៍។
ដោយឡែក លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសហការជាមួយក្រុមហ៊ុនជប៉ុន និងអាល្លឺម៉ង់ ដើម្បីរួមចំណែកផលិតនូវធនធាន ដែលមានសមត្ថភាពខ្ពស់ និងកម្មវិធីបណ្តុះបណ្តាលក្នុងវិស័យឌីជីថល ផលិតនៅកម្រិតគុណភាព និងភាពជាក់លាក់។ លោកបានបន្តថា យើងអនុវត្តគំរូនៃការច្នៃប្រឌិតថ្មីរបស់ជប៉ុនដែលល្បី ឬគំរូនៃការច្នៃប្រឌិតបីដង ដែលជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រោះវាគាំទ្រដល់សង្វាក់ផលិតកម្មពេញលេញ ចាប់ផ្តើមពីចំណេះដឹងរហូតដល់ផលិតផលចុងក្រោយ។
ជាមួយគ្នានេះ លោក កាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រំពឹងថា នាពេលអនាគត និស្សិតដែលបានចេញពីការបណ្តុះបណ្តាលនេះ នឹងដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ឧស្សាហកម្មដទៃទៀត នៅក្នុងប្រទេស ដើម្បីឆ្ពោះទៅរកការផលិតឌីជីថលឆ្លាតវៃ ដែលមានបដិវត្តថ្មី ធ្វើឱ្យវិស័យផលិតកម្មរបស់យើង ប្រសើរឡើង។
សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានសាងសង់ អគារមួយរួចហើយ នៅសាកលវិទ្យាល័យ RUPP campus1 ដែលនឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន CJDM ក្នុងពេលប៉ុន្មានខែខាងមុខនេះ៕