ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចឱ្យផ្អាបណ្តោះអាសន្ន ជាបន្តទៀត ចំពោះ សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ រហូតដល់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

យោងតាម ប្រការ២ នៃសេចក្តីសម្រេចនេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារមុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចជា រោងភាពយន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ។
យោងតាម ប្រការ៣ នៃសេចក្តីសម្រេច នេះបានកំណត់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្ន ការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានការចូលរួមលើសពី ៥០នាក់។

ប្រការ៤ បានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទប់ស្កាត់ ក៏ដូចជាការកាត់ផ្ដាច់ការចម្លងកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


















