ភ្នំពេញ ៖ លោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ នៅថ្ងៃទី១៥ ខែតុលា នេះ បានជូនដំណឹងទៅក្រសួង ការងារ និងនាយកដ្ឋាន បេឡាសន្តិសុខសង្គម បសស ថា កន្លងមកនេះ សម្ព័ន្ធសហជីពជាតិ បានអង្កេតឃើញថា មានរោងចក្រសហគ្រាស ខ្នាតតូចនិងមធ្យម មួយចំនួន បាននឹងកំពុងបិទបាំង ចំនួនកម្មកររបស់ខ្លួន មិនព្រមទិញឬចុះឈ្មោះកម្មករនិយោជិតខ្លួន ក្នុងបសស ដើម្បីគេចវេសពីការបង់ប្រាក់ធានារ៉ាប់រងសុខភាព កម្មករនិយោជិតទៅឲ្យ បសស ។

ជាមួយគ្នានេះ សម្ព័ន្ធសហជីពជាតិ ជម្រុញនិងលើកទឹកចិត្តដល់អធិការកិច្ចក្រសួង ក៏ដូចជាភាគីពាក់ព័ន្ធមេត្តា ចុះត្រួតពិនិត្យ យ៉ាងល្អិតល្អន់ ចំពោះម្ចាស់រោងចក្រសហគ្រាស ទាំងនេះ រួមទាំងការផាកពិន័យថែមទៀត ។ កម្មករនិយោជិត មានក្តីសប្បាយរីករាយ នូវពេលដែលមានបណ្ណ បសស ព្រោះថា បណ្ណនេះបានជួយដល់ពួកគាត់ទទួលបានធានារ៉ាប់រងជាច្រើន ក្នុងដំណើរការសុខភាពប្រចាំថ្ងៃរបស់ពួកគាត់ រួមទាំងគ្រោះថ្នាក់ការងារ និងស្ថានភាពជម្ងឺធ្ងន់ធ្ងរជាដើម រួមទាំងបញ្ហានៃការឆ្លង ឬព្យាបាលជម្ងឺកូវីដ១៩ ដែលទទួលបាន៧០%ពីបសស និង៥០%ពីម្ចាស់រោងចក្រសហគ្រាស ប៉ុន្តែបើពួកគាត់គ្មានបណ្ណបសស ទេពួកគាត់នឹងជួបនូវបញ្ហាជាច្រើន ដែលជាផលប៉ះពាល់ នឹងបានកំពុងជួបប្រទះ នាពេលបច្ចុប្បន្ន ។
លោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ សូមឲ្យស្ថាប័នពាក់ព័ន្ធ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ មេត្តាពិនិត្យឡើងវិញឲ្យបានឆាប់រហ័ស៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

