ភ្នំពេញ ៖ យុវតីម្នាក់រងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវចំណែកម៉ូតូ ២គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តដឹកទំនិញមួយគ្រឿង បានបុ.ករះម៉ូតូចំនួន២ គ្រឿង កាលពីវេលាម៉ោង១២ និង ១៥នាទី រសៀលថ្ងៃទី ១៥ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល1J-9397 ធ្វើដំណើរពីទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តដឹកទំនិញមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ3E-2309 បើកបរស្របទិសគ្នា នៅពីក្រោយក្នុងល្បឿនលឿន បានជ្រូលចង្កូតទៅបុ.កអ្នកជិះម៉ូតូបណ្ដាលឱ្យដួល ហើយរថយន្តខាងលើ បានព្យាយាមបើកគេច ក៏បានជ្រុលចង្កូតទៅបុ.កម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាBeat ពណ៌សលាយខៀវពាក់ផ្លាកលេខកំពង់ស្ពឺ1P-9014 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ពីទិសដៅពីលិចទៅកើត បណ្ដាលឲ្យរថយន្តកិនចំពីលើចំណែកយុវតី ដែលជាម្ចាស់ម៉ូតូរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះមកធ្វើការវាស់វែង និងយកម៉ូតូទាំងពីរគ្រឿង និងរថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម





