ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរឱ្យរន្ធត់ បង្កដោយរថយន្តដឹកទំនិញមួយគ្រឿង ដាច់ហ្រ្វាំងបានបុ.ករះរថយន្ត និងម៉ូតូកង់បី និងម៉ូតូចំនួន ៥ គ្រឿង បណ្ដាលឲ្យមានអ្នករងរបួស ដេកដួលពេញផ្លវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូនិងរថយន្តជាច្រើនគ្រឿង បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងខាងលើនេះ ក្នុងទិសដៅពីជើងទៅត្បូង ស្របពេលនោះ ក៏មានរថយន្តដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ផ្លាកលេខភ្នំពេញ3 E-5920 ធ្វើដំណើរស្របទិសគ្នាពីក្រោយរថយន្តនិងម៉ូតូជាច្រើនទៀត នៅខាងមុខ ដោយស្ថានភាពផ្លូវមានការកកស្ទះចរាចរណ៍ផងនោះ រថយន្តបង្កខាងលើ ជាន់ហ្រ្វាំងមិនស៊ី បានបុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿង នៅខាងមុខបណ្តាលមនុស្ស៣នាក់ រងរបួសធ្ងន់និងស្រាល និងខូចខាតរថយន្តចំនួន៣គ្រឿង ម៉ូតូចំនួន២គ្រឿង ម៉ូតូងកង់៣ចំនួនមួយគ្រឿង ។
ជនរងគ្រោះចំនួន៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះ ចំណែកអ្នកបើកបររថយន្តបង្ក បានបើកទ្វាររថយន្ត ចុះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ សហការជាមួយនឹងជំនាញចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា តាមផ្លូវច្បាប់នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម













