កំពង់ឆ្នាំង ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌចំនួន៣នាក់ ដឹកនាំដោយអនុសេនីយ៍ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌខេត្តកំពង់ឆ្នាំង បានចុះសហការជាមួយកម្លាំងអាវុធហត្ថក្រុងកំពង់ឆ្នាំង ដោយបានការអនុញ្ញាត ពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលឆក់ទូរស័ព្ទដៃ។

យោងបទល្មើសជាក់ស្ដែង ពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ លី គីមលៀង ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ស៊ុន ស្រៀង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលរស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី នៅចំណុចមុខវត្តអារញ្ញ ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
វត្ថុតាងចាប់យករួមមាន ÷ ១-ម៉ូតូចំនួន០១គ្រឿង ម៉ាកSmash ពាក់ផ្លាកលេខ ភ្នំពេញ1X-6046 ពណ៌ខ្មៅ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យជំនាញយកទៅធ្វើតេស្តរកជំងឺ Covid19 លទ្ធផល(អវិជ្ជមាន) និងកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ កូលាប


