ស្រុកស្ទោង ៖ ក្នុងការចុះជួបសួរសុខទុក្ខ និងពិនិត្យដំណើររឿងសាច់ប្រាក់ជាមួយភ្នាក់ងារវិញសម្រាប់ផ្ដល់ជូនជនក្រីក្រ និងងាយរងគ្រោះអំឡុទប់ស្កាត់កូវីដ-១៩ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង នៃខេត្តកំពង់ធំ បានឱ្យក្រុមអ្នកព័ត៌មានដឹងថា បន្ទាប់ពីមានរឿងរ៉ាវមិនប្រក្រតីនៃការបើកសាច់ប្រាក់ពីភ្នាក់ងារវីង ជូនគ្រួសារក្រីក្រ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងឃុំប្រឡាយ នាពេលកន្លងមកនេះ រដ្ឋបាលស្រុកស្ទោង បានរៀបចំបង្កើតគណៈកម្មការស្រាវជ្រាវបើកសាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះឲ្យបានច្បាស់លាស់ត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការតាមដានរបស់អាជ្ញាធរភូមិ ឃុំ ដូចជាមានលេខកូដសម្គាល់ច្បាស់លាស់ រូបថតប្រជាពលរដ្ឋពេលបើកសាច់ប្រាក់ និងស្នាមមេដៃជាដើម។

លោក សាយ គឹមឡម អភិបាស្រុកស្ទោង អំពាវនាវយ៉ាងដូច្នេះ ដោយអះអាងថា គឺធ្លាប់ករណីមិនប្រក្រតីរបស់ភ្នាក់ងារវីងនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំរួចមកហើយ, ដោយបញ្ហានេះ ត្រូវបានអាជ្ញាធរស្រុក ចុះស្រាវជ្រាវចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ទើបអាចដោះស្រាយជូនប្រជាពលរដ្ឋងាយរងគ្រោះបាន។
ដូច្នេះ លោក សាយ គឹមឡម បានអំពាវនាវដល់ភ្នាក់ងារវីង និងអាជ្ញាធរមូលដ្ឋានទាំងឡាយ ត្រូវប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវក្នុងការបើកសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលជាសាច់ប្រាក់នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពោលគឺ ត្រូវចៀសវាងឱ្យបាននូវការកិបកេងប្រាក់របស់ប្រជាពលរដ្ឋក្រីក្រ។

បើតាម លោកអភិបាលស្រុកស្ទោង រូបនេះបញ្ជាក់ថា ការបើកប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងធ្វើឱ្យអស់ តែដោយជួបបញ្ហាខ្លះដោយសារបច្ចេកទេស ក៏មានភាពរអាក់រអួលខ្លះ។ លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមទុកដាក់ឯកសារការបើកសាច់ប្រាក់នេះ ឱ្យបានត្រឹមត្រូវ ហើយប្រសិនជាមានការបាត់ដោយប្រការណាមួយ ត្រូវរាយការណ៍ជូនដល់អាជ្ញាធរឃុំជាបន្ទាន់ ដើម្បីធ្វើការស្នើសុំនូវបណ្ណថ្មីសម្រាប់ប្រើប្រាស់នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN




