Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាក់កម្ចី ADB ចំនួន ៤០ លានដុល្លារ សម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ អនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៤០ លានដុល្លារ​ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទានក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និងអនុវត្តកំណែទម្រង់ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុនិងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនា​សម្ព័ន្ធវិស័យហិរញ្ញវត្ថុ។

វាជាកម្មវិធីរងទី ៣ នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន​​ បន្ទាប់ពីកម្មវិធីរងចំនួនពីរពីមុនដែលត្រូវបានអនុវត្តពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ដើម្បីជួយកម្ពុជាអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស្ថិរភាពតាមរយៈការជំរុញបរិយាប័ន្នហិរញ្ញវត្ថុនិងស្ថិរភាពហិរញ្ញវត្ថុ។

លោកស្រី Benita Ainabe អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ របស់ធនាគារអភិវឌ្ឍន៍អាស៊ី​ បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និង ធ្វើឱ្យការគ្រប់គ្រងវិបត្តិមានភាពប្រសើរឡើងក្នុងពេលមានជំងឺរាតត្បាតកូវីដ១៩។ តាមរយៈកម្មវិធីរងថ្មីនេះ​ រាជ​ រដ្ឋាភិបាលបានអនុម័តច្បាប់សំខាន់ៗដែលគាំទ្រដល់យុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុជាតិ និងបានផ្តួចផ្តើមគំនិតជាច្រើន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ​ រួមទាំងគម្រោងធានាឥណទានសាធារណៈ (public credit guarantee scheme)​សម្រាប់សហគ្រាសធុនតូចនិងមធ្យមដំបូងគេនៅកម្ពុជាផងដែរ។”

នៅកម្ពុជាលទ្ធភាពទទួលបានផលិតផល និង សេវាកម្មហិរញ្ញវត្ថុ សម្រាប់ពលរដ្ឋក្រីក្រ នៅមានកម្រិត ហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទាប។ មានតែ ២១,៧% នៃប្រជាពលរដ្ឋពេញវ័យរបស់ប្រទេសប៉ុណ្ណោះដែលមានគណនីធនាគារ ហើយ MSMEs ប្រឈមការលំបាកដើម្បីទទួលបានហិរញ្ញប្បទាន និងធានារ៉ាប់រងខ្នាតតូច។ អាជីវកម្ម ជារឿយៗ ត្រូវបានរារាំងដោយលទ្ធភាពទទួលបានហិរញ្ញវត្ថុរយៈពេលវែងដោយសារកង្វះវត្ថុបញ្ចាំ​ ការមិនទាន់ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ដូចជាសម្រាប់ការធានា​ និង អនក្ខរភាពហិរញ្ញវត្ថុ។ មានតែប្រជាពលរដ្ឋកម្ពុជា ១៨% ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាមានចំណេះដឹងផ្នែក​ហិរញ្ញវត្ថុ។

ជំងឺរាតត្បាត ការផ្តល់ប្រាក់កម្ចីអចលនទ្រព្យ (real estate lending) និង កំណើនឥណទាន លឿន (faster credit growth) បានបង្កើនហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។ ហេដ្ឋារចនា    សម្ព័ន្ធហិរញ្ញវត្ថុរបស់ប្រទេស​ មិនទាន់បានអភិវឌ្ឍពេញលេញ​ ដែលជាកត្តាប្រឈមដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុនិងការអភិវឌ្ឍទីផ្សារ។

កម្មវិធីរងថ្មីនេះ​ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់សហគ្រាសធុនតូចនិងមធ្យម​ (MSMEs) ឱ្យងើបឡើងពីជំងឺរាតត្បាត តាមរយៈការពង្រីកលទ្ធភាពទទួលបានឥណទាន។ វាក៏ជួយដល់កំណែទម្រង់ហិរញ្ញវត្ថុដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ​ រួមទាំងការត្រួតពិនិត្យស្ថាប័នអន្តរវិស័យឱ្យកាន់តែប្រសើរឡើង​ ពង្រឹងការគ្រប់គ្រងហានិភ័យឥណទាន និង គាំទ្រប្រព័ន្ធទូទាត់ប្រកបដោយភាពច្នៃប្រឌិត។

កំណែទម្រង់ទាំងនោះត្រូវបានបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលឆ្នាំ ២០១៩-២០២៣ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ ។ កម្មវិធីរងថ្មីនេះជាផ្នែកមួយនេះយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣ ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដើម្បីជំរុញលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងការធ្វើពិពិធកម្មសេដ្ឋកិច្ច៕

×