ភ្នំពេញ ៖ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា បើទោះបីថ្ងៃឈប់សម្រាករយៈពេលយូរនៃពិធីបុណ្យភ្ជុំបិណ្ឌ បានកន្លងផុតមែន ប៉ុន្តែចរន្តភ្ញៀវទេសចរផ្ទៃក្នុងទៅកាន់គោលដៅទេសចរណ៍នានា នៅតែមានសកម្មភាពគួរកត់សម្គាល់ គ្រាន់តែថា ថមថយចំនួនខ្លះប៉ុណ្ណោះ, ជាក់ស្ដែង ក្នុងរយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៥-១៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរណ៍បានចេញដើរទស្សនាកម្សាន្ត មានចំនួនសរុប ១៣៨,០៩៩នាក់ ក្នុងនោះ មានភ្ញៀវជាតិ ១៣៥,០៦៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,០៣៣នាក់។

ក្រសួងទេសចរណ៍ បានបង្ហាញថាគោលដៅទេសចរណ៍សំខាន់ៗ រួមមាន ៖
- ខេត្តព្រះសីហនុ ២៨,៧២៨នាក់
- រាជធានីភ្នំពេញ ២៥,៦៩៨នាក់
- ខេត្តកំពត ១៨,៤៣៧នាក់
- ខេត្តកំពង់ស្ពឺ ៨,៥៥៥នាក់
- ខេត្តសៀមរាប ៧,៦៨៧នាក់
- ខេត្តពោធិ៍សាត់ ៧,៤៥៩នាក់ , និង
- ខេត្តកែប ៧,១៣៦នាក់។

តួលេខចុងសប្តាហ៍ ៣ថ្ងៃ ខាងលើ មានការថយចុះប្រមាណ ៤៣.៤៦% ធៀបនឹងចុងសប្តាហ៍កន្លងទៅ ក្រោយពិធីបុណ្យភ្ជុំ ប៉ុន្តែបើធៀបនឹងចុងសប្តាហ៍មុនពិធីបុណ្យភ្ជុំ គឺមានការកើនឡើងប្រមាណ ១៨.២១%។ ពេលនេះក្រសួងទេសចរណ៍ កំពុងរៀបចំ និងដាក់ចេញនាពេលឆាប់ៗនេះ នូវវិធានសុវត្ថិភាពទេសចរណ៍ និង SOP សម្រាប់សេវាសំខាន់ៗដល់ភ្ញៀវទេសចរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













