ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៧នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន ក្រោយពេលក្រុមនេះ បានធ្វើសកម្មភាពឆក់យ៉ាងសកម្ម ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ហើយព្យាយាមរត់ចូលសំបុកស្នាក់នៅ របស់ជនសង្ស័យក្នុងទឹកដីខណ្ឌសែនសុខ និងបានដកហូតម៉ូតូចំនួន៤គ្រឿង ដោយ២គ្រឿងជនសង្ស័យផ្តួលចោលតាមផ្លូវ រត់គេចខ្លួននិង២គ្រឿងទៀត នៅក្នុងផ្ទះជួលរបស់ជនសង្ស័យ។

ករណីដេញប៉ផាប់ចាប់ពភីងនេះ ធ្វើឡើងកាលពីវេលា ម៉ោង ៩ និង ៤០ នាទីព្រឹកនៅចំណុចផ្លូវបេតុង បណ្តោយផ្លូវតាំងកសាង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់បានម្នាក់នោះ មានឈ្មោះ សំបុណ្យ ពុធ្ធិជ័យ អាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់ផ្ទះជួល ភូមិក្រាំងអង្ក្រង ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ដោយបានទទួលបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកវរសេនីយ៍ឯកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជានិងឲ្យប៉ុស្តិ៍ទាំង៧ បញ្ចេញកម្លាំងល្បាតពួនស្ទាក់ ដើម្បីចាំចាប់មុខសញ្ញាខាងលើ ។ ប្រភពដដែលបានបន្តទៀតថា លុះដល់វេលាកើតហេតុ ខាងលើស្រាប់តែក្រុមជនសង្ស័យ បានចេញមកធ្វើសកម្មភាព ២នាក់ ម៉ូតូចំនួន២គ្រឿងមួយគ្រឿងជិះម្នាក់ៗ ហុងដាឌ្រីមទាំង២គ្រឿង១គ្រឿងអត់ផ្លាកលេខ ឆក់ទូរស័ព្ទ ពីស្ត្រីម្នាក់នៅផ្លូវបេតុងមុខវត្តតាំងកសាង រួចជិះគេចខ្លួនឡើងទៅផ្លូវបេតុងក្រាំងធ្នង់ ក៏ជួបនិង កម្លាំងសមត្ថកិច្ចយើង ជនសង្ស័យបានបើកម៉ូតូគេចចូល សំបុកផ្ទះជួល ប៉ុន្តែសមត្ថកិច្ចបានបាត់ដាន ទើបធ្វើឲ្យជនសង្ស័យ ទាំង៧នាក់នៅក្នុងសំបុក រួចគេចខ្លួនជាបន្តបន្ទាប់ ក្រោយមកក៏ប៉ះជាមួយកម្លាំងខណ្ឌសែនសុខ ចេញជួយដេញចាប់ ទើបជនសង្ស័យផ្តួលម៉ូតូចោលចំនួន២គ្រឿង ១គ្រឿងហុងដាឌ្រីម និងមួយគ្រឿងទៀតហុងដាស្កុបពី គេចខ្លួនបាត់អស់។

ក្រោយមកមានប្រជាពលរដ្ឋល្អ បានរាយការណ៍ពីសំបុកស្នាក់នៅ របស់ជនសង្ស័យ សមត្ថកិច្ចសហការគ្នាចុះពិនិត្យ ឆែកឆេរផ្ទះខាងលើ ជនសង្ស័យបានបន្សល់ទុកម៉ូតូ២គ្រឿង មួយគ្រឿងហុដាឌ្រីម និងមួយគ្រឿងទៀតម៉ាក និចធូ ពណ៌ស ។
បច្ចុប្បន្នមានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានប្រមូលវត្ថុតាងរួមទាំងជនសង្ស័យម្នាក់ ដែលឃាត់បានយកមកសួរនាំនៅផ្នែកជំនាញ នៃអធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ និងតាមវែករកមុខសញ្ញា ដែលនៅសេសសល់ មកផ្តន្ទាទោសតាមផ្លូវច្បាប់ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម








