ភ្នំពេញ ៖ ស្ទើរតែលួសព្រលឹង ខណៈកំពុងតែបើករថយន្តសុខៗ ត្រូវកង់រថយន្តធំចំនួន២គ្រាប់ មកបុ.កពេញទំហឹងលាន់ដូចរន្ទះ ដែលរបូតចេញពីរថយន្តសណ្តោងរ៉ីម៉កមួយគ្រឿង ដែលកំពុងតែបើកបញ្ច្រាសទិសដៅគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៥០ នាទីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ ម៉ែត្រសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាក lexus 300 ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2X-9158 បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តសណ្ដោងរ៉ីម៉កពណ៌លឿង មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3 C-3856 បើកបរក្នុងទិសដៅពីកើតមកលិច បានរបូត កង់ខាងឆ្វេងផ្នែកខាងក្រោយចំនួនពីរគ្រាប់ ទៅបុករថយន្ត lexus ដែលនៅខាងមុខបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលសង្កាត់ពងទឹក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់កន្លែងកើតហេតុ និងឱ្យភាគីទាំងសងខាង ធ្វើការចរចាគ្នាដោយខាងភាគីរថយន្តបង្ក បានសងថ្លៃខូចខាតចំនួន ១២០០ ដុល្លារដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សួង សាម










