ភ្នំពេញ ÷ រថយន្តម៉ាកfordមួយគ្រឿង បើកបរក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុ.ករថយន្តrang rover កំពុងបើកឆ្លងផ្លូវចំពីចំហៀងមុខខាងស្តាំ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣៣១ កែងនិងផ្លូវ៥៦៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាក range rover ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BI-0006 បើកបរតាមបណ្ដោយផ្លូវ៣៣១ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងទៀត ម៉ាក ford ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2BA-8633 បើកបរតាមបណ្តោយផ្លូវ៥៦៨ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ក៏ជាន់ហ្រ្វាំងមិនជាប់ជ្រុល ទៅបុ.ករថយន្តrang rover ចំពីចំហៀងមុខខាងស្តាំពេញទំហឹង បណ្តាលឲ្យរថយន្តគៀបជាប់គ្នា រងការខូចខាតទាំងសងខាង។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ភ្លាមៗរួចឲ្យភាគីទាំងពីរ សម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កមិនចង់វែងឆ្ងាយ ក៏ព្រមសងជាសំណងទៅលើរថយន្តrang rover ថ្លៃជួសជុលបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត






