ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ថា វិញ្ញាសា សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ត្រូវបានកំណត់ដូចខាងក្រោម ÷

១- សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺមុខវិជ្ជា ប្រវត្តិវិទ្យា,
២- សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម គឺមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា។
សូមបញ្ជាក់ថា កន្លងមកថ្មីៗនេះ ក្រសួង អប់រំ យុវជន និង កីឡា បានសម្រេចឱ្យបេក្ខជនចុះឈ្មោះ ប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិ ឬ ឌីប្លូម និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា ២០១៩-២០២០ ជាប់ជាស្ថាពរដោយគ្មានការកំណត់ និទ្ទេស។ កាលនោះ ធ្វើឡើងតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបង្ការការឆ្លងជំងឺកូវីដ ១៩ ក្នុង សហគមន៍។
តាមរបាយការណ៍របស់ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា បេក្ខជនដែលបានដាក់ពាក្យ ប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឬ បាក់ឌុបឆ្នាំ ២០២០ មានចំនួនជាង ១២ ម៉ឺននាក់ ក្នុងនោះមានបេក្ខនារីជាង ៦ ម៉ឺននាក់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN














