ភ្នំពេញ ៖ ម្តាយយំបោកខ្លួន ខណៈពេលឮដំណឹងថា កូនប្រុសបង្កើតរបស់គាត់ទាំង២នាក់ ត្រូវរថយន្តកិ.នស្លា.ប់ កាលពីវេលាម៉ោង ៨និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំនុចស្តុបស្ពានព្រែកព្នៅ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1FX-9690 ជិះឌុបគ្នាចេញពីផ្ទះ ដើម្បីទៅធ្វើសំណង់នៅម្ដុំគីឡូលេខ៩ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចភ្លើងស្តុបជនរងគ្រោះទាំង២នាក់បងប្អូន បានឈប់ម៉ូតូរងចាំភ្លើងស្តុបពណ៌ខៀវ ដើម្បីបន្តដំណើរទៅមុខទៀត ស្រាប់តែមានរថយន្តសណ្តោងរ៉ីម៉កមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3D-4520 បើកបរស្របទិសគ្នាពីត្បូងទៅជើងបានបុ.កកិ.នជនរងគ្រោះទាំង២នាក់បងប្អូន ពីក្រោយបណ្ដាលឲ្យស្លា.ប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់បងប្អូនមានឈ្មោះ ទី១ ឈ្មោះ អិល ពិន អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី២ ឈ្មោះ ទី ម៉ឺន ចំណាន អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នាត្រូវជាប្អូនបង្កើតនឹងគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ជំនាញខណ្ឌព្រែកព្នៅ សហការជាមួយនឹងកម្លាំងចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែងនិងឃាត់ជនបង្ក និងរថយន្តបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកសពជនរងគ្រោះទាំង២បងប្អូនបង្កើត សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ សាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម








