ភ្នំពេញ ៖ តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានប្រកាសសាលដីកា តម្កល់ទណ្ឌកម្ម បុរសម្នាក់ ដាក់ពន្ធនាគារកំណត់៣ឆ្នាំ ជាប់ពាក់ព័ន្ធនឹងករណីរក្សាទុក និងប្រើប្រាស់ថ្នាំញៀន ចំនួន២កញ្ចប់តូច ប្រព្រឹត្តកាលពី ទី ០៤ ខែ ឧសភា ឆ្នាំ ២០១៩ នៅភូមិស្វាយ ឃុំអង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ជនជាប់ចោទរូបនេះ មានឈ្មោះ នាង សុធី ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរ អ្នករត់ឌុប មានទីលំនៅឃុំអង្គររាជ , ស្រុកព្រះស្ដេច, ខេត្តព្រៃវែង។
ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តព្រៃវៃង កាលពីឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារកំណត់ ៣ឆ្នាំ ពីបទ ” រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមបញ្ញតិ្ត មាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
តែគាត់បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខេត្តព្រៃវែង មកកាន់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ។

ជនជាប់ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះនៃ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកជំទាវ ចាន់ ម៉ារីណា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ធ្វើការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់គាត់កាលពីព្រឹកថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២១។
ជនជាប់ចោទឈ្មោះ នាង សុធី ត្រូវបាន សមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៩ នៅភូមិស្វាយ ឃុំអង្គរាជ ស្រុកព្រះស្តេច ខេត្ត ព្រៃវែង ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀនចំនួន ០២ កញ្ចប់តូច មានទម្ងន់ សារុប០,៩០ក្រាម។
នាពេលសវនាការនាពេលកន្លងមក, ជនជាប់ឈ្មោះ សុធី បានឆ្លើយសារភាពថា គាត់ជាអ្នកជក់គ្រឿងញៀន។
ឈ្មោះសុធីនិយាយថា ចំពោះថ្នាំញៀចំនួន២ កញ្ចប់តូច ដែលសមត្ថកិច្ចបានដកហូតពីគាត់ នៅពេលដែលឃាត់ខ្លួនគាត់នោះ គឺគាត់បានទិញមកពីបុរសមិនស្គាល់ឈ្មោះម្នាក់ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ និងមិនបានចែកចាយបន្តនោះទេ។
ឈ្មោះសុធី បានប្រាប់តុលាការថា គាត់មិនមែនជាអ្នកជួញដូរគ្រឿងញៀនទេ។
សុធី បានសុំឲ្យ តុលាការឧទ្ធរណ៍មេត្តាលើកការចោទប្រកាន់, ច្រានចោល សាលក្រមរបស់តុលាការខេត្តព្រៃវែង និង សម្រេចដោះលែងខ្លួនឲ្យមានសេរីភាពវិញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

