ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសសាលដីកា តម្កល់ទោស បុរសជាប់ចោទ ខ្មែរ និង ចិន ចំនួន ២នាក់ និង បានតម្កល់ទោស ពួកគេក្នុងម្នាក់ៗ កំណត់ ពី ២០ ទៅ ២៣ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការផលិត និងជួញដូរ ដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅក្នងរាជធានីភ្នំពេញ ក្នុងកំឡុង ឆ្នាំ២០១៨។
លោកគង់ ស្រ៊ីម ជាប្រធានចៅក្រមប្រឹក្សាចៅក្រម បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទមានឈ្មោះ ជា វណ្ណា ហៅ ង៉ុក ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ និងម្នាក់ទៀត ឈ្មោះ ឡុង គ័រហ៊ុយ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិចិន។
នៅក្នងសំណុំរឿងក្តីនេះ, ឈ្មោះ ជា វណ្ណា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៨ កាត់ទោស ដាក់ពន្ធនាគារកំណត់ ២៣ឆ្នាំ ។ ចំណែកឯ ឈ្មោះ ឈ្មោះ ឡុង គ័រហ៊ុយ ដាក់ពន្ធនាគារកំណត់២០ ឆ្នាំ ពីបទ: «ផលិត និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន»។

តែពួកគេបានប្តឹងខ្ទាស់ មកកាន់ តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ ។ តុលាការឧទ្ធរណ៍ បានតម្កល់ទោសពួកគេរក្សានៅដដែល។ ពួកគេក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ខែ កក្កដា ឆ្នាំ ២០១៨ នៅក្នុងខណ្ឌជ្រោយចង្វារ និង ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបានគ្រឿងញៀន និងសម្ភារៈសម្រាប់ផលិតថ្នាំញៀន មួយចំនួនធំ ពីពួកគេ៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

