Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងវិស័យឯកជន ស្វែងរកដំណោះស្រាយបញ្ហា លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ចក្នុងប្រទេសកម្ពុជា

spot_img

ភ្នំពេញ ៖ កិច្ចប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) តាមប្រព័ន្ធវីដេអូ ដែលដឹកនាំដោយ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក Chirs Humphrey ប្រធានគណៈប្រតិភូនៃ EU-ABC ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគរ មន្រ្តីគយនិងរដ្ឋាករ និងគណៈប្រតិភូ EU-ABC ចំនួនប្រមាណ៤០រូបនាព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ នៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជាន់ទី១៨។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាង អគរ និងវិស័យឯកជន ព្រមទាំងពិភាក្សាស្វែងរកដំណោះស្រាយបញ្ហាមួយចំនួន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ចក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំបានពិនិត្យពិភាក្សាលើសំណូមពរ និងបញ្ហាដែលបានលើកឡើងដោយ EU-ABC ពាក់ព័ន្ធនឹងការអនុវត្តតារាងពន្ធគយរបស់អង្គការគយពិភពលោក, ការបង្ការនិងបង្រ្កាបបទល្មើសឆ្លងដែន, ការប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយ ការជួញដូរផលិតផលថ្នាំជក់ ផលិតផលមានជាតិអាល់កុលនិងឱសថខុសច្បាប់, ការរៀបចំនីតិវិធី ទំនិញមានតម្លៃទាប (De minimis ឬ Low Value Shipment), ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច, ការកំណត់តម្លៃពន្ធគយនិងធានារ៉ាប់រង, ការរៀបចំរចនាសម្ព័ន្ធពន្ធអាករលើផលិតផលមានជាតិអាល់កុល។

អគរ និង EU-ABCក៏បានប្តេជ្ញាចិត្តថា នឹងបន្តពង្រឹងកិច្ចសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម កែលម្អបរិយាកាសធុរកិច្ច និងបន្តដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×