សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តហើយ បន្ទាប់ពីក្រុមការងារបានពិនិត្យឃើញផ្នែកខ្លះមានការខូចខាត ដោយសារអាយុកាល កត្តាអាកាសធាតុ និងការបំផ្លាញដោយរុក្ខជាតិផ្សេងៗ។
អ្នកបុរាណវិទូដែលមើលខុសត្រូវការដ្ឋានជួសជុល លោកស្រី ភិន វិជ្ជាសច្ចរ៉ា បានឱ្យដឹងថា ច្រកចូលខាងកើតនៃប្រាសាទអង្គរវត្ត មានការខូចខាតតិចតួចដោយផ្នែកខ្លះៗដូចជា ច្រកឡើងនៃកាំជណ្ដើរ ជ្រុះដំបូល ព្រំដំបូល និងហោជាងជាដើម ។ លោកស្រី បានបន្តថា បើទោះបីជាមានការខូចខាតតិចតួចបែបនេះក្តី ក៏អ្នកជំនាញ ត្រូវការថែទាំ និងជួសជុលជាចាំបាច់ ដើម្បីជៀសវាងការឈានទៅដល់ការខូចខាតធ្ងន់ធ្ងរ។
លោកស្រី បន្តឲ្យដឹងទៀតថា កិច្ចការដំបូង គឺក្រុមការងារបាន សិក្សាទៅលើសម្រង់ប្លង់ រុករកថ្ម ដែលបានធ្លាក់ចុះរប៉ាត់រប៉ាយហើយកំណត់រូបរាងរបស់វាឡើងវិញ មុននឹងសម្អាតថ្មទាំងនោះឱ្យស្អាត ហើយយកវាទៅផ្គុំនៅកន្លែងដើមឡើងវិញ៕