ភ្នំពេញ ៖ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានថ្លែងសារលើផេកហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះថា តាមផ្លូវច្បាប់ព្រហ្មទណ្ឌ បទឆបោក មាត្រា ៣៧៧ បានកំណត់និយមន័យថា ” គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គលឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែងដោយអះអាងទៅលើឋានៈក្លែងដោយរំលោភទៅលើឋានៈពិតប្រាកដ ឬដោយប្រើ (ឧបាយកលទុច្ចរិត) ហើយដូច្នេះបានទទួលពីបុគ្គលនេះដោយធ្វើឲ្យខូចប្រយោជន៍ របស់បុគ្គលនេះឬរបស់តតិយជននូវ៖

ទី១៖ ការប្រគល់មូលនិធិតម្លៃ ឬ ទ្រព្យសម្បត្តិអ្វីមួយ។
ទី២៖ ការផ្គត់ផ្គង់សេវា។
ទី៣៖ ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានបន្តទៀតថា ដើម្បីធានាទប់ស្កាត់បាតុភាពនានាដែលបង្ករដល់ការបំពុលសង្គម ជាចម្ងល់របស់ខ្ញុំ តើព្រះរាជអាជ្ញា អាចធ្វើបណ្ដឹងអាជ្ញាចំពោះករណីនេះឬទេ?

“ការដែលខ្ញុំលើកបញ្ហានេះ មកនិយាយ ព្រោះពលរដ្ឋរបស់ខ្ញុំត្រូវបានគេបំពុល គេបញ្ឆោត យ៉ាងគួរឲ្យអាណិតបំផុតហើយសង្គមរបស់ខ្ញុំ ត្រូវបានមនុស្សមួយក្ដាប់តូច ប្រើប្រាស់ប្រជាប្រិយភាពក្នុងការបង្កើតព្រឹត្តិការណ៍ទាញផលប្រយោជន៍មកខ្លួន ។ ដែលក្នុងនាមជាអ្នកនយោបាយម្នាក់ ត្រូវតែបញ្ចេញមតិការពារផលប្រយោជន៍ពលរដ្ឋរបស់ខ្លួន”។ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានបញ្ជាក់យ៉ាងដូច្នេះ។
លោកថា កម្ពុជាជាប្រទេសនីតិរដ្ឋ រដ្ឋដែលមានច្បាប់ គ្រប់គ្នារស់នៅដោយស្មើភាពចំពោះមុខច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ កូលាប




