ខេត្តកំពត ៖ ឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture ជាក្រុមហ៊ុនវិនិយោគដាំចេកអំបូងលឿង នៅខេត្តកំពត បានឲ្យមន្ត្រីជំនាញ ដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ថា ការនាំចេញផ្លែចេក ទៅប្រទេសចិនចំនួន ៣០ម៉ឺនតោន, ប្រទេសវៀតណាមជាង ៤ម៉ឺនតោន, ប្រទេសជប៉ុន ៥៣៣តោន និងប្រទេសសិង្ហបុរី ៤៨០តោន, ហើយបើសរុប រយៈពេល៩ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែចេកស្រស់បានចំនួន ៣៤៣ ៨១២ តោនកើនឡើង ៤៦ភាគរយ បើធៀបនឹងឆ្នាំ២០២០។

ឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់ថា ការនាំចេញចេកស្រស់កើនឡើងនេះ ដោយសារតែកិច្ចព្រមព្រៀងកម្ពុជា-ចិន បើកផ្លូវឲ្យផលិតផលផ្លែចេកស្រស់ដាំនៅកម្ពុជា អាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ដោយមិនបានកំណត់ចំនួនកូតានោះឡើយ។ កត្តានេះហើយដែលធ្វើឲ្យទាក់ទាញអ្នកវិនិយោគិនធំៗ ទាំងក្នុងស្រុក និងក្រៅប្រទេសមកបណ្តាក់ទុនរកស៊ី និងដោយមើលឃើញឱកាសល្អក្នុងការនាំផលិតផលមួយចំនួនទៅកាន់ប្រទេសចិន។
សូមបញ្ជាក់ថា កម្ពុជាចាប់ផ្តើមនាំចេញផ្លែចេកស្រស់ ទៅចិនដោយផ្ទាល់ ជាលើកដំបូងនៅឆ្នាំ២០១៩។ រយៈពេល៣ឆ្នាំចុងក្រោយនេះ ការនាំចេញផ្លែចេក មានការកើនឡើងទាំងបរិមាណ និងតម្លៃជាសាច់ប្រាក់។ កាលពីឆ្នាំ២០១៩ កម្ពុជានាំចេញផ្លែចេកស្រស់បានជាង ១៥ម៉ឺនតោន និងឆ្នាំ២០២០ នាំចេញបានជាង ៣៣ម៉ឺនតោន។

ឧកញ៉ា ហ៊ុន ឡាក់ បង្ហាញពីក្ដីរំពឹងទៀតថា ដោយសម្លឹងឃើញពីសក្តានុពលនេះ ក្រុមហ៊ុនរបស់លោកឧកញ៉ា ក៏បានបង្កើតសម្ព័ន្ធក្រុមហ៊ុន ពង្រីកការដាំដុះដំណាំចេកបន្ថែមទៀត ព្រមទាំងផ្លែឈើហូបផ្លែផ្សេងៗទៀតជាច្រើន សំដៅលើការនាំចេញទៅកាន់ប្រទេសចិន ហើយរំពឹងទុកថា ក្នុងឆ្នាំ២០២២ខាងមុខនេះ កំណើននៃការនាំចេញផ្លែចេក នឹងបន្ដកើនឡើងថែមទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










