ភ្នំពេញ ៖ តាមប្រភពពីមន្ត្រីថ្នាក់ដឹកនាំ ខេត្តបន្ទាយមានជ័យ បានឲ្យមជ្ឈមណ្ឌល ព័ត៌មាន CEN ដឹង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះថា ក្រុមហ៊ុន ប៉ាង ណាគ្រី រៀលអ៊ីស្ទេត ឯ.ក បានកំពុងបង្កើតអគាររោងចក្រ ការងារ កន្លែងកម្សាន្តផ្សេងៗ នៅលើទឹកដីដែលធ្លាប់តែជាតំបន់សង្គ្រាម និងស្ងាត់ជ្រងំ នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឲ្យកាន់តែរីកចំរើន ដោយក្នុងនោះ ត្រូវបង្កើតរោងចក្រ ចំនួន ៤ និងបង្កើតតំបន់កម្សាន្ត រួមមាន ៖ កាស៊ីណូ សាលាបច្ចេកទេសអេឡិចត្រូនិច, ទីលានវាយកូនហ្គោល, ទីលានបាល់ទាត់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។

ចំណែក លោកស្រី ប៉ាង ណាគ្រី អគ្គនាយិកាក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៊ីស្ទេត ឯ.ក វិញ បានថ្លែងប្រាប់មន្ត្រីពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ឲ្យដឹងថា ដើម្បីចូលរួមកាត់បន្ថយពលករកម្ពុជាចំណាកស្រុក និងមានគោលបំណងអភិវឌ្ឍ បង្កើតការងារក្នុងស្រុកផងនោះ ក្រុមហ៊ុនរបស់លោកស្រី បានបង្កើតរោងចក្រចំនួន ៤ គឺមានរោងចក្រក្លាសេអាហារ (កំពុងដំណើរការ) , រោងចក្រផលិតចំណីសត្វ (នឹងដំណើរការខែមករា ឆ្នាំ២០២២) , រោងចក្រផលិតដែកទីប និងរោងចក្រផលិតកង់ឡាន។

តំបន់ដែលកំពុងតែអភិវឌ្ឍន៍នេះ ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៩អា ស្ថិតនៅឃុំទទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បើតាម លោកស្រី ប៉ាង ណាគ្រី អគ្គនាយិកាក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៊ីស្ទេត ឯ.ក បានថ្លែងឱ្យដឹងថា ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងផ្តល់ឱកាសលក់ដីលំនៅឋានជូនបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់មានលំនៅឋាន ក្នុងដី១ល្វែងទំហំ ៥ម៉ែត្រគុណ២០ម៉ែត្រ តម្លៃ១៩០០ដុល្លារ និងចាក់ដី រៀបចំហេដ្ឋារចនាសម្ព័ន្ធ, ហើយចំពោះអ្នកដែលចង់បង់រំលស់ក្នុងមួយខែត្រឹមតែ១០ម៉ឺនរៀលតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













