Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីប្រទេសអភិវឌ្ឍន៍តិចតួច នៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីត្រៀមគោលការណ៍ និងជំហរ សម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ នៃអង្គការពាណិជ្ជកម្មពិភពលោក

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីប្រទេសអភិវឌ្ឍន៍តិចតួច នៅអង្គការពាណិជ្ជកម្មពិភពលោក តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីប្រកាសនៃប្រទេសអភិវឌ្ឍន៍តិចតួច សម្រាប់ដាក់ជូនសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ នៃអង្គការពាណិជ្ជកម្មពិភពលោក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដោយកម្ពុជាបានទទួលនូវផលប្រយោជន៍ជាច្រើន តាមរយៈប្រព្រឹត្តកម្មពិសេស និងដោយឡែកក្រោមប្រព័ន្ធពាណិជ្ជកម្មពហុភាគីនេះ។

សេចក្ដីប្រកាសនៃរដ្ឋមន្ត្រីប្រទេសអភិវឌ្ឍន៍តិចតួច បានដាក់ចេញនូវគោលការណ៍ និងជំហររបស់ប្រទេសអភិវឌ្ឍន៍តិចតួច ជូនសមាជិកអង្គការពាណិជ្ជកម្មពិភពលោកទាំងអស់ ពិនិត្យ និងសម្រេចលើការចរចាទៅលើប្រធានបទអាទិភាពរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីលើកកម្ពស់ការនាំចេញរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ទៅក្នុងទីផ្សារពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងផងដែរថា ឯកឧត្តម សង្ឃឹមថា គោលការណ៍ និងជំហររបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលបានដាក់ចេញនៅក្នុងសេចក្ដីប្រកាសនេះ នឹងត្រូវបានសមាជិកដទៃទៀត យកទៅពិចារណាយ៉ាងល្អិតល្អន់ ដើម្បីទទួលបាននូវលទ្ធផលដែលមានសមតុល្យ និងផលប្រយោជន៍ជារួម សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច និងសម្រាប់សមាជិកដទៃទៀត ក៏ដូចជាអង្គការពាណិជ្ជកម្មពិភពលោក ផងដែរ។

សូមជម្រាបជូនថា សេចក្ដីប្រកាសនៃរដ្ឋមន្ត្រីប្រទេសអភិវឌ្ឍន៍តិចតួច នៅអង្គការពាណិជ្ជកម្មពិភពលោក បានដាក់ចេញនូវគោលការណ៍ និងជំហរលើប្រធានបទ ដូចជា វិធានដើមកំណើតទំនិញ ការលើកលែងសេវាសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ទីផ្សារមិនជាប់កូតា និងមិនជាប់ពន្ធគយ សេចក្ដីសម្រេចលើការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ការឆ្លើយតបទៅនឹងការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ឧបត្ថម្ភធនក្នុងវិស័យជលផល ការចរចាលើកសិកម្ម ប្រព្រឹត្តកម្មពិសេសនិងដោយឡែក កំណែទម្រង់អង្គឧទ្ធរណ៍នៃអង្គការពាណិជ្ជកម្មពិភពលោក ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពទាក់ទង​ នឹងពាណិជ្ជកម្មនៃកម្មសិទ្ធិបញ្ញា កិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម កម្មវិធីក្របខណ្ឌពង្រឹងសមាហរណកម្ម និងជំនួយសម្រាប់ពាណិជ្ជកម្ម៕ រក្សាសិទ្ធិដោយ ៖ កូលាប

×