Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងអាល្លឺម៉ង បង្ហាញជំហរយ៉ាងមុតមាំ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និងភាពជាដៃគូ

ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ នៅ​ទីស្ដីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ដ្រី និង​ជា អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (គ.ជ.នា/ក.អ.ក) បាន​ទទួល​ជួប​សម្តែង​ការគួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម Christian Berger ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា តាម​រយៈ​ប្រព័ន្ធ​បញ្ជូន​រូបភាព និង​សម្លេង។

គោល​បំណង​ចម្បង​នៃ​ជំនួប​នេះ គឺ​ដើម្បី​សម្តែង​ការ​គួរសម និង​ធ្វើការ​ណែនាំ​សមាស​ភាព​ប្រធាន និង​អនុ​ប្រធាន​ថ្មី និង​ពិភាក្សា​លើ​អាទិភាព​ការងារ​នៃ​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍន៍​ទ្វេភាគី ក៏ដូចជា​ផ្លាស់ប្តូរ​យោបល់​លើ​ទិដ្ឋភាព​ពាក់ព័ន្ធ​ផ្សេង​ទៀត ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ឈៀង យ៉ាណារ៉ា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ព្រមទាំងបានអបអរសាទរចំពោះលោក Jost Kadel និងលោកស្រីបណ្ឌិត Angelika Stauder ដែលទើបត្រូវបានតែងតាំងដោយរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីបំពេញបេសកកម្មនៅកម្ពុជា ។ ទន្ទឹមនឹងនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល អាល្លឺម៉ង់ ដែលបានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់វិស័យអាទិភាពធំៗចំនួន ៣ (វិស័យ អភិវឌ្ឍន៍ជនបទសុខាភិបាល និងគាំពារសង្គម និងអភិបាលកិច្ច និងអន្តរវិស័យ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១៧ លានដុល្លារអាមេរិក ក្នុងការគាំទ្រដល់វិធានការឆ្លើយតបនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងវិធានការស្តារសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ថា រាជរដ្ឋាភិបាល បានដាក់ចេញ “ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងវិធានការចាំបាច់សំដៅ បង្កើតឱ្យបានភាពសុំសង្គម សេដ្ឋកិច្ចនៅកម្ពុជា ដើម្បីឈានទៅបើកប្រទេសឡើងវិញជាបណ្តើរៗ តាមដំណាក់កាល ជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មីនាពេលឆាប់ៗខាងមុខ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និង វឌ្ឍនភាពសម្រេចបានក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានណែនាំសហការីថ្មីទាំងពីររូប ដែលត្រូវបំពេញបេសកកម្មបន្តនៅកម្ពុជា។ លោក Jost Kadel អនុប្រធានបេសកកម្ម និងជាប្រធានទទួល បន្ទុកផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងលោកស្រីបណ្ឌិត Angelika Stauder លេខាទី១ ទទួលបន្ទុកជា អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រ កម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញបេសកកម្មនៅកម្ពុជា និងបានប្តេជ្ញាបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យកាន់តែល្អប្រសើរ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ អំពីការគ្រោងចុះមកសិក្សារបស់ក្រុមជំនាញការអាល្លឺម៉ង់ ស្តីពីផលប៉ះពាល់ នៃជំងឺកូវីដ-១៩ លើសង្គម- សេដ្ឋកិច្ចក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានាចុងឆ្នាំ២០២១ និងការត្រៀមរៀបចំ កិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងត្រីមាសទី២ ឆ្នាំ ២០២២ ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើប្រធានបទពាក់ព័ន្ធ រួមមាន ៖ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើរចនាសម្ព័ន្ធសេដ្ឋកិច្ច, ការគ្រប់គ្រងលំហូរទឹកទន្លេមេគង្គ, ការប្រែប្រួលអាកាសធាតុ និងការរួមចំណែករបស់វិស័យឯកជនក្នុងកិច្ចអភិវឌ្ឍន៍ ។

មុននឹងបញ្ចប់ជំនួបនេះ ភាគីទាំងពីរ បានបង្ហាញជំហរយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជាប្រកបដោយចីរភាព និងបរិយាប័ន្ន ៕រក្សាសិទ្ធិដោយ ៖ កូលាប

×