Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីនៃប្រទេសអភិវឌ្ឍន៍តិចតួច តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីថ្លែងការណ៍រួម សម្រាប់ដាក់ជូនសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ នៃអង្គការពាណិជ្ជកម្មពិភពលោក ធ្វើឡើងតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រូបនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួម ស្តីពីការធ្វើពាណិជ្ជកម្មរបស់ប្រទេសអភិវឌ្ឍន៍តិចតួចថា ពាណិជ្ជកម្មពហុភាគី ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក នឹងធ្វើឱ្យកម្ពុជា ក៏ដូចជាប្រទេសនានា ដែលអភិវឌ្ឍន៍តិចតួច ទទួលនូវផលប្រយោជន៍ជាច្រើន តាមរយៈប្រព្រឹត្តកម្មពិសេស និងដោយឡែកក្រោមប្រព័ន្ធពាណិជ្ជកម្មពហុភាគីនេះ។

នៅក្នុងកិច្ចប្រជុំដដែលនេះ រដ្ឋមន្ត្រីនៃប្រទេសអភិវឌ្ឍន៍តិចតួច បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដាក់ចេញនូវគោលការណ៍ និងជំហរ របស់ប្រទេសអភិវឌ្ឍន៍តិចតួច ជូនសមាជិកអង្គការពាណិជ្ជកម្មពិភពលោកទាំងអស់ ដើម្បីពិនិត្យ និងសម្រេច លើការចរចាទៅលើប្រធានបទអាទិភាពរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីលើកកម្ពស់ការនាំចេញរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ទៅក្នុងទីផ្សារពិភពលោក។

សេចក្ដីថ្លែងការណ៍រួមនេះ ត្រូវបាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រំពឹងថា នឹងត្រូវប្រកាសជាផ្លូវការនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រី លើកទី១២ នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ហើយនឹងក្លាយជាយន្តការមួយបន្ថែមទៀត ជួយជំរុញដល់កំណើនពាណិជ្ជកម្មសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច។

សូមបញ្ជាក់ថា សេចក្ដីថ្លែងការណ៍រួម ស្ដីពីការធ្វើពាណិជ្ជកម្មនៃប្រទេសអភិវឌ្ឍន៍តិចតួច មានគោលការណ៍ និងជំហរ លើប្រធានបទ ដូចជា វិធានដើមកំណើតទំនិញ, ការលើកលែងសេវាសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច, ទីផ្សារមិនជាប់កូតា និងមិនជាប់ពន្ធគយ, សេចក្ដីសម្រេចលើការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច, ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក, ការឆ្លើយតបទៅនឹងការរីករាលដាលជាសកលនៃជំងឺកូវីដ១៩, ឧបត្ថម្ភធនក្នុងវិស័យជលផល , ការចរចាលើកសិកម្ម ប្រព្រឹត្តកម្មពិសេស និងដោយឡែក កំណែទម្រង់អង្គឧទ្ធរណ៍នៃអង្គការពាណិជ្ជកម្មពិភពលោក, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក , កិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពទាក់ទងនឹងពាណិជ្ជកម្មនៃកម្មសិទ្ធិបញ្ញា, កិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម , កម្មវិធីក្របខ័ណ្ឌពង្រឹងសមាហរណកម្ម និងជំនួយសម្រាប់ពាណិជ្ជកម្ម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×