ភ្នំពេញ ៖ តុលាការកំពូល កាលពីថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២១ ប្រកាសសាលដីកា លើបណ្តឹងសាទុក្ខរបស់ស្រ្តីម្នាក់ ដែលបានតុលាការដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់អស់មួយជិវិត ជាប់ពាក់ព័ន្ធករណីផ្តើមគំនិតក្នុងអំពើឃា.ត.កម្មគិតទុកជាមុន ដោយជួលមនុស្ស ៤នាក់ ដើម្បីស.ម្លាប់ប្រុសស្នេហ៍ ដោយភ្លើងស្នេហ៍ប្រច័ណ្ឌហួសហេតុ។
តុលាការកំពូល បានសម្រេច ចេញដីកាចាត់របៀប ដោយបង្វិលសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ទៅកាន់សាលាឧទ្ធរណ៍រាជាធានីភ្នំពេញ ដើម្បីជំនះជម្រះ សាជាថ្មីឡើង ត្រូវចំណុចការបន្ធូរបន្ថយទោស ជនជាប់ចោទទាំងអស់ នៅក្នុងរឿងក្តីនេះ។
សវនាការនេះ ដឹកនាំដោយលោកនិន ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ និង មានលោកអ៊ុក គឹមសិទ្ធិ ជាតំណាងមហាអយ្យការអមតុលាការកំពូល។
លោកសេង នាង ជាចៅក្រមរបាយការណ៍បានអានសំណុំរឿងក្តីនេះថា ជនជាប់ចោទ មានឈ្មោះ សុខ គីមលី ភេទស្រី អាយុ ៤៥ ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនជាប់ចោទ ឈ្មោះ សុខ គីមលី ត្រូវបានតុលាការខេត្តដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ១៥ ខែកញ្ញា ឆ្នាំ ២០១៧ កាត់ទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ពីបទ ផ្តើមគំនិតឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមបញ្ញត្តិមាត្រា ២៧ និង ២០០ នៃ ក្រមព្រហ្មទណ្ឌ។
ចំណែកឯ ជនជាប់ចោទចំនួន៤នាក់ ដែលត្រូវជាគូកន មានឈ្មោះ សាក់ ម៉ាប់ ភេទប្រុស អាយុ ៣៦ ឆ្នាំ, ឈ្មោះ នូ សម្បត្តិ ភេទប្រុស អាយុ ៣៣ ឆ្នាំ ,ឈ្មោះ ប៊ុន ភក្តី ភេទប្រុស អាយុ ៣២ ឆ្នាំ និង ឈ្មោះ ប៊ូ សុភាព ភេទស្រី អាយុ ២៥ ឆ្នាំ ត្រូវបានតុលាការកាត់ទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់ ៣០ ឆ្នាំ ផងដែរ។
តែពួកគេទាំង៥នាក់ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការដំបូងរាជធានីភ្នំពេញ មកកាន់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០ បានតម្កល់សាលក្រមរបស់តុលាការដំបូងរាជធានីភ្នំពេញ តែបានកែប្រែទណ្ឌកម្ម របស់ជនជាប់ចោទឈ្មោះ សុខ គីមលី ពីជាប់ពន្ធនាគារអស់ មួយជីវិត មកនៅត្រឹម ៣០ ឆ្នាំ វិញ ។ ចំណែកឯ ជនជាប់ចោទ៤នាក់ទៀត ត្រូវបានបន្ធូរបន្ថយ ពីជាប់គុក ៣០ឆ្នាំ មកនៅត្រឹម ១០ ឆ្នាំ ក្នុងម្នាក់ៗ វិញ។
ជនជាប់ចោទ សុខ គីមលី បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត ដើម្បីសអោយតុលាការកំពូល បន្ថយទោស។ ក៏ប៉ុន្តែ ជនជាប់ចោទ ៤នាក់ទៀត មិនបានប្តឹងសារទុក្ខឡើយ។
នាពេលសវនាការ កាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២១, ជនជាប់ចោទ សុខ គីមលី បានសារភាពអំពើកំហុស និង
បានសំណូមពរ ឲ្យតុលាការកំពូលជួយបន្ថូបន្ថយទោសដល់រូបខ្លួនផង ព្រោះគ្មានចេតនា ឬ ផែនការនឹងសម្លាប់ជនរងគ្រោះនោះទេ។
សុខ គីមលីនិយាយថា គឺគាត់គ្រាន់តែ គម្រាមជនរងគ្រោះ តែប៉ុណ្ណេះ ដើម្បីអោយឈប់ដើរលេងយប់ និងមានស្រីខាងក្រៅ។
សុខ គីមលី និយាយទៀតថា គាត់មិនបានបង្គាប់ឲ្យ គូកនស.ម្លាប់ ឬ យកគ្រា.ប់បែ.កទៅបំ.ផ្ទុះដើម្បីស.ម្លាប់ជនរងគ្រោះជាគូរស្នេហ៍នោះទេ។
គួរបញ្ជាក់ថា ឈ្មោះ សុខ គីមលី និង គូកនទាំង៤នាក់ ខាងលើ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៦ បន្ទាប់ពី ពួកគេ បានសមគំនិត និង រៀបចំផែនការ ដើម្បីស.ម្លាប់ទៅលើ ជនរងគ្រោះ ឈ្មោះ គី លីហួរ ភេទប្រុស ដែលត្រូវជាគូស្នេហ៍របស់ឈ្មោះ សុខ គីមលី ដោយសារតែនាងក្តីប្រច័ណ្ឌ និង ខឹងនឹង ចំពោះជនរងគ្រោះ មានស្រីញីច្រើនខាងក្រៅ និង ក្បត់នឹងខ្លួន៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

